ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃចន្ទ (១២ ឧសភា) ថា រុស្ស៊ី កំពុងបន្តការវាយប្រហាររបស់ខ្លួនលើទឹកដីអ៊ុយក្រែន ហើយមិនបានឆ្លើយតបនឹងសំណើសម្រាប់កិច្ចពិភាក្សាដោយផ្ទាល់នៅទួរគីក្នុងសប្តាហ៍នេះឡើយ ដែលជា "ភាពស្ងៀមស្ងាត់ដ៏ចម្លែក"។

នៅក្នុងសុន្ទរកថាវីដេអូពេលយប់របស់ខ្លួន លោក Zelenskiy បាននិយាយថា "ការបាញ់ផ្លោង និងការវាយលុករបស់រុស្ស៊ីនៅតែបន្ត" ហើយទីក្រុងមូស្គូ បានរក្សាភាពស្ងៀមស្ងាត់ពេញមួយថ្ងៃទាក់ទងនឹងសំណើសម្រាប់កិច្ចប្រជុំដោយផ្ទាល់ ដែលជាភាពស្ងៀមស្ងាត់យ៉ាងចម្លែកណាស់"។

លោក Zelenskiy បានបញ្ជាក់ម្តងទៀតថា លោកប្រធានាធិបតីអាមេរិក Donald Trump បានគាំទ្រកិច្ចប្រជុំដែលបានស្នើឡើងនោះ "ហើយលោកចង់ឱ្យមេដឹកនាំអាមេរិករូបនេះស្វែងរកឱកាសដើម្បីមានវត្តមាននៅទួរគី"។

លោក Trump កាលពីថ្ងៃចន្ទ ក៏បានស្នើខ្លួនចូលរួមកិច្ចចរចាដែលអាចកើតមានរវាងអ៊ុយក្រែន-រុស្ស៊ី នៅទួរគីនាចុងសប្តាហ៍នេះដែរ ខណៈបណ្តាប្រទេសអ៊ឺរ៉ុប ជំរុញឱ្យវិមានក្រឹមឡាំង ទទួលយកការទាមទាររបស់ពួកគេសម្រាប់បទឈប់បាញ់ ៣០ថ្ងៃក្នុងសង្គ្រាមនៅអ៊ុយក្រែន។ សន្និសីទខ្លីរបស់ក្រសួងការបរទេសរុស្ស៊ី មិនបានបញ្ជាក់ទេថា តើលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នឹងទទួលយកសំណើរបស់លោក Zelenskiy ដើម្បីជួបពិភាក្សាគ្នាដោយផ្ទាល់នេះ ឬយ៉ាងណាឡើយ៕