យ៉ាងហោចណាស់មនុស្ស ១៤នាក់ បានបាត់បង់ជីវិត និង ៦នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ បន្ទាប់ពីបានផឹកស្រាក្លែងក្លាយ នៅក្នុងភូមិចំនួន ៥ នៃទីក្រុង Amritsar របស់រដ្ឋ Punjab ប្រទេសឥណ្ឌា។ នេះបើយោងតាមមន្ត្រី ដែលបានប្រាប់ឲ្យដឹងនៅថ្ងៃអង្គារ (ទី១៣ ខែឧសភា)នេះ។
ភូមិដែលរងប៉ះពាល់ រួមមាន Bhangali, Patalpuri, Marari Kalan, Therewal និង Talwandi Ghuman។ អាជ្ញាធរបានទទួលបានការជូនដំណឹង កាលពីយប់ថ្ងៃចន្ទ (ទី១២ ខែឧសភា) ដោយជំរុញឲ្យមានការឆ្លើយតបយ៉ាងលឿនរហ័សផ្នែកវេជ្ជសាស្ត្រ និងផ្លូវច្បាប់។

លោកស្រីស្នងការរង Sakshi Sawhney បានចាត់ទុកករណីនេះថា ជា «ឧបទ្ទវហេតុដ៏អកុសល» ហើយបាននិយាយថា ការត្រួតពិនិត្យពីផ្ទះមួយទៅផ្ទះមួយ កំពុងត្រូវបានធ្វើឡើង ដើម្បីកំណត់អត្តសញ្ញាណ និងព្យាបាលអ្នកដែលរងផលប៉ះពាល់ ទោះបីជាអ្នកមិនមានរោគសញ្ញាអ្វីក៏ដោយ។ ក្រុមគ្រូពេទ្យត្រូវបានបញ្ជូនទៅប្រចាំការនៅទូទាំងតំបន់ ដោយជនរងគ្រោះមួយចំនួនបានទទួលការថែទាំបន្ថែមទៀត។
មន្ត្រីនគរបាលបានប្រាប់ឲ្យដឹងថា ពួកគេបានចាប់ខ្លួនជនសង្ស័យយ៉ាងតិច ៦នាក់ពីបទលាយជាតិមេតាណុលកម្រិត ៥០លីត្រទៅក្នុងស្រា ដែលបន្ទាប់មកត្រូវបានលក់ដោយអ្នកលក់មូលដ្ឋាន។
គួរបញ្ជាក់ថា ការស្លាប់ដោយសារគ្រឿងស្រវឹងដែលផលិតដោយខុសច្បាប់ ដែលគេស្គាល់ក្នុងស្រុកថា ជាស្រាតម្លៃថោក ឬស្រាផលិតក្នុងស្រុក គឺមិនមែនជារឿងប្លែកនោះទេនៅក្នុងប្រទេសឥណ្ឌា ជាទីដែលមានមនុស្សតិចតតួចណាស់អាចលៃលកទិញស្រាម៉ាកយីហោត្រឹមត្រូវបាន៕


