រដ្ឋាភិបាលអង់គ្លេស បានបង្ហាញគោលនយោបាយថ្មីសម្រាប់អ្នកដាក់ពាក្យសុំទិដ្ឋាការការងារ រួមទាំងការកំណត់តម្រូវការកាន់តែតឹងរ៉ឹងសម្រាប់សមត្ថភាពភាសាអង់គ្លេស។ ចំណាត់ការនេះធ្វើឡើងក្នុងពេលមានការខកចិត្តកាន់តែខ្លាំងឡើងក្នុងចំណោមសាធារណជន ជុំវិញការកើនឡើងចំនួនជនអន្តោប្រវេសន៍។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រី លោក Keir Starmer បាននិយាយថា «គ្រប់ផ្នែកនៃប្រព័ន្ធអន្តោប្រវេសន៍ ការងារ គ្រួសារ និងការសិក្សា នឹងត្រូវបានរឹតត្បិត ដូច្នេះយើងមានការគ្រប់គ្រងកាន់តែខ្លាំង»។ នៅក្រោមវិធានការថ្មី អ្នកដាក់ពាក្យសុំទិដ្ឋាការការងារ នឹងត្រូវតម្រូវឱ្យមានជំនាញភាសាអង់គ្លេសខ្ពស់ជាងមុន។

ច្បាប់ថ្មីចែងថា ដើម្បីដាក់ពាក្យសុំសញ្ជាតិ ជនអន្តោប្រវេសន៍ ជាមូលដ្ឋានត្រូវរស់នៅក្នុងចក្រភពអង់គ្លេសរយៈពេល១០ឆ្នាំ ដែលកើនឡើងពី៥ឆ្នាំនាពេលបច្ចុប្បន្ន។ វិធានការនេះ ក៏នឹងកាត់បន្ថយរយៈពេលដែលនិស្សិតបរទេសបញ្ចប់ការសិក្សា ដែលអាចបន្តស្នាក់នៅក្នុងប្រទេសក្រោយការសិក្សារបស់ខ្លួនបានបញ្ចប់ពី២៤ ខែបច្ចុប្បន្ន មកត្រឹម១៨ខែ ។
កម្រិតខ្ពស់នៃការធ្វើអន្តោប្រវេសន៍ ទំនងជាបានបញ្ឆេះការមិនពេញចិត្តក្នុងចំណោមសាធារណជន ដែលអ្នកមួយចំនួនគិតថា ប្រាក់របស់អ្នកបង់ពន្ធ ពុំត្រូវបានចំណាយលើពលរដ្ឋដែលជួបបញ្ហាទប់ទល់តម្លៃទំនិញហក់ឡើងខ្ពស់។
