សារព័ត៌មាន Bloomberg News បានរាយការណ៍នៅថ្ងៃអង្គារ (១៣ ឧសភា) នេះថា ប្រទេសចិន បានលុបចោលការហាមប្រាមលើក្រុមហ៊ុនអាកាសចរណ៍ ដែលទទួលយកការចែកចាយយន្តហោះប៊ូអ៊ីង បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

អាមេរិក និងចិន កាលពីថ្ងៃចន្ទ បានព្រមព្រៀងកាត់បន្ថយពន្ធរបស់គ្នាទៅមកយ៉ាងតិច ៩០ថ្ងៃ ដែលជាជំហានដកថយចេញពីសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកទាំងពីរ។
សារព័ត៌មាន Bloomberg និយាយថា ក្រុមមន្ត្រីនៅទីក្រុងប៉េកាំង បានចាប់ផ្តើមប្រាប់ក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុក និងទីភ្នាក់ងាររដ្ឋាភិបាលក្នុងសប្តាហ៍នេះថា ការចែកចាយយន្តហោះដែលផលិតនៅសហរដ្ឋអាមេរិក អាចដំណើរការឡើងវិញបាន។
ក្រុមហ៊ុនប៊ូអ៊ីង បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ ហើយរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន ក៏មិនទាន់អត្ថាធិប្បាយដែរ។ គួររម្លឹកថា កាលពីខែមេសា ក្រុមហ៊ុនប៊ូអ៊ីង បាននិយាយថា អតិថិជនរបស់ខ្លួនមួយចំនួននៅចិន បានចង្អុលបង្ហាញថា ពួកគេនឹងមិនទទួលយកយន្តហោះថ្មីទេ ដោយសារតែពន្ធដ៏តានតឹងរវាងភាគីទាំងពីរនៅពេលនោះ ហើយក្រុមហ៊ុនផលិតយន្តហោះនេះកំពុងស្វះស្វែងលក់យន្តហោះរាប់សិបគ្រឿងរបស់ខ្លួនទៅឱ្យអ្នកទិញថ្មី ប្រសិនបើបម្រាមនៅតែបន្ត៕

