ក្រុមហ៊ុន Samsung Electronics នៅថ្ងៃអង្គារ (១៣ ឧសភា) នេះ បានបើកបង្ហាញជាសាធារណៈនូវម៉ូដែលស្មាតហ្វូនរូបរាងស្ដើងបំផុតថ្មីរបស់ខ្លួនរហូតមកដល់បច្ចុប្បន្ននេះ បំពាក់ដោយមុខងារឆ្លាតវៃបញ្ញាសិប្បនិម្មិតដែលកាន់តែប្រសើរឡើង ខណៈខ្លួនកំពុងស្វះស្វែងរកការនាំមុខគូប្រជែង Apple នៅក្នុងទីផ្សារទូរសព្ទដៃសកល។

ការបើកបង្ហាញទូរសព្ទម៉ូដែល S25 Edge ថ្មីនេះធ្វើឡើងដើម្បីទាញយកតម្រូវការកើនឡើង ជាពិសេសពីអ្នកប្រើប្រាស់ក្នុងវ័យ ២០ឆ្នាំ និង ៣០ឆ្នាំរបស់ពួកគេ សម្រាប់ស្មាតហ្វូនចល័តកាន់តែច្រើន។ ក្រុមអ្នកវិភាគនិយាយថា ការដាក់ឱ្យដំណើរការម៉ូដែលថ្មីនេះ ត្រូវបានកំណត់ពេលវេលាយុទ្ធសាស្ត្រ ដើម្បីយកឈ្នះជាមុនលើក្រុមហ៊ុន Apple ដែលក៏ត្រូវបានរំពឹងថានឹងចេញលក់ម៉ូដែល iPhone ស្តើងជាងមុនថ្មីនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។
Samsung បាននិយាយថា "មតិកែលម្អគឺច្បាស់ណាស់ - អ្នកប្រើប្រាស់ចង់បានរបស់ដែលស្តើងជាងមុន និងងាយស្រួលដាក់តាមខ្លួនដោយមិនបន្ទាបគុណភាព" ខណៈខ្លួនបានធ្វើការផ្លាស់ប្តូររចនាសម្ព័ន្ធដើម្បីកាត់បន្ថយកម្រាស់នៃសមាសធាតុខាងក្នុង រួមទាំងបន្ទះពុម្ពឈីបសៀគ្វី និងប្រព័ន្ធកម្ដៅ។
Samsung បន្តថា ម៉ូដែល S25 Edge នឹងដាក់លក់នៅកូរ៉េខាងត្បូង ពីថ្ងៃទី២៣ ខែឧសភា ខាងមុខ និងនៅសហរដ្ឋអាមេរិក នៅថ្ងៃទី៣០ ខែឧសភា ដោយបន្ថែមថា ទូរសព្ទប្រភេទនេះនឹងដាក់លក់ទៅកាន់ប្រទេសប្រហែល ៣០ផ្សេងទៀត រួមទាំងចិន និងនៅអឺរ៉ុបផងដែរ។ ក្នុងតម្លៃចាប់ពី ១.០៩៩ដុល្លារ ម៉ូដែលនេះមានអេក្រង់ ៦,៧អ៊ីញ (១៧០ មីលីម៉ែត្រ) និងតួខ្លួនកម្រាស់ ៥,៨មីលីម៉ែត្រប៉ុណ្ណោះ ដែលធ្វើឱ្យប្រភេទនេះមានទំហំធំជាងម៉ូដែល S25 ធម្មតា ប៉ុន្តែមានទម្ងន់ស្រាលជាងឆ្ងាយណាស់៕

