ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភពជាច្រើនថា មេដឹកនាំអឺរ៉ុប បានសម្រេចចិត្តរង់ចាំរហូតដល់ក្រោយកិច្ចចរចាស្តីពីអ៊ុយក្រែន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៥ ឧសភា ខាងមុខនេះ នៅទីក្រុងអ៊ីស្តង់ប៊ុល របស់ទួរគី មុនពេលជំរុញឱ្យសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ី។
យោងតាមរបាយការណ៍បានឱ្យដឹងថា មន្ត្រីអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់សមភាគីអឺរ៉ុបរបស់ខ្លួនកាលពីថ្ងៃទី១២ ឧសភា ថា ពួកគេចង់ទុកឱកាសឱ្យរុស្ស៊ី និងអ៊ុយក្រែន ធ្វើកិច្ចចរចា មុនពេលពិភាក្សាពីការបង្កើនសម្ពាធលើទីក្រុងមូស្គូ។

សេចក្ដីរាយការណ៍បន្តថា មេដឹកនាំប្លុកអឺរ៉ុប នឹងជំរុញឱ្យលោកប្រធានាធិបតីអាមេរិក Donald Trump ដាក់ចេញការរឹតបន្តឹង ប្រសិនបើលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បដិសេធកិច្ចប្រជុំជាមួយមេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky ឬប្រសិនបើរុស្ស៊ី មិនយល់ព្រមចំពោះ "បទឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌ"។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅវិមានក្រឹមឡាំងនាព្រឹកព្រលឹមថ្ងៃទី១១ ឧសភា លោក Putin បានអញ្ជើញអ៊ុយក្រែន ឱ្យបន្តកិច្ចចរចាដោយផ្ទាល់ឡើងវិញដោយគ្មានបុរេលក្ខខណ្ឌណាមួយឡើយ បន្ទាប់ពីជំនួបចុងក្រោយបានបរាជ័យនៅឆ្នាំ២០២២ ហើយមេដឹកនាំរុស្ស៊ីរូបនេះបានស្នើឱ្យចាប់ផ្តើមកិច្ចចរចានៅថ្ងៃទី១៥ ខែឧសភា នៅទីក្រុងអ៊ីស្តង់ប៊ុល៕

