លោកប្រធានាធិបតីអាមេរិក Donald Trump កំពុងស្ថិតនៅក្នុងដំណើរទស្សនកិច្ចអន្តរជាតិដ៏សំខាន់លើកដំបូងរបស់លោក ក្នុងអាណត្តិទី២ ខណៈដែលលោកប្រឹងប្រែងពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តសំខាន់ៗចំនួន៣ និងបង្ហាញពីសមត្ថភាពរបស់លោក ក្នុងនាមជាអ្នកផ្សះផ្សា នៅលើឆាកពិភពលោក។

ក្នុងរបៀបវារៈថ្ងៃអង្គារ (១៣ ឧសភា) នេះ លោក Trump ត្រូវបានគេរំពឹងថា នឹងជួបជាមួយព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman ក្នុងទីក្រុងរីយ៉ាដ (Riyadh) ហើយឡើងនិយាយនៅឯវេទិកាវិនិយោគអាមេរិក-អារ៉ាប៊ីសាអ៊ូឌីត ដែលលោក Elon Musk ក៏ត្រូវបានចុះបញ្ជីជាវាគ្មិនផងដែរ។ នៅចុងសប្តាហ៍នេះ លោក Trump នឹងធ្វើដំណើរទៅកាន់ប្រទេសកាតា និងអារ៉ាប់រួម។
ប៉ុន្តែលទ្ធភាពនៃការធ្វើដំណើរទៅទីក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃព្រហស្បតិ៍ កំពុងត្រូវបានចាប់អារម្មណ៍។ អំឡុងពេលនិយាយកាលពីយប់ថ្ងៃចន្ទ អំពីកិច្ចប្រជុំដែលបានស្នើឡើង រវាងប្រធានាធិបតីអ៊ុយក្រែន និងរុស្ស៊ី នៅទីក្រុងរបស់ទួរគី នៅថ្ងៃព្រហស្បតិ៍ លោក Trump បានបង្ហើបថា៖ «ខ្ញុំកំពុងពិចារណា អំពីការហោះហើរទៅទីនោះ»។
លោកបានប្រាប់ថា៖ «ខ្ញុំមិនដឹងថា ខ្ញុំនឹងទៅណានៅថ្ងៃព្រហស្បតិ៍។ ខ្ញុំមានកិច្ចប្រជុំជាច្រើន។ ខ្ញុំគិតថា វាអាចទៅរួច ប្រសិនបើខ្ញុំគិតថាអ្វីៗ អាចកើតឡើង»។
ប្រធានាធិបតីអ៊ុយក្រែនបានគាំទ្រដល់ការរំពឹងទុក ដែលថា លោក Trump អាចចូលរួមកិច្ចប្រជុំ នៅប្រទេសទួរគីដែលត្រូវបានស្នើឡើង រវាងរូបលោក និងសមភាគីរុស្ស៊ី៕
