អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ី បានប្តេជ្ញាធ្វើការឆ្ពោះទៅរកដំណោះស្រាយរយៈពេលវែង នៅក្នុងប្រទេសអ៊ុយក្រែន។
លោក Peskov បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានគូសបញ្ជាក់យ៉ាងច្បាស់ពីគោលជំហររបស់លោក ក្នុងការបន្តការចរចាជាមួយអ៊ុយក្រែន ដោយគ្មានបុរេលក្ខខណ្ឌ។
ដោយអត្ថាធិប្បាយលើការដាក់ទណ្ឌកម្មថ្មីដ៏មានសក្តានុពលដែលបណ្តាប្រទេសអឺរ៉ុប អាចដាក់លើប្រទេសរុស្ស៊ី លោក Peskov បានបញ្ជាក់ថា «ភាសានៃឱសានវាទ» គឺមិនអាចទទួលយកបានសម្រាប់ប្រទេសនេះ។
កាលពីថ្ងៃសៅរ៍ អ៊ុយក្រែនបាននិយាយថា ទីក្រុងគីវបានត្រៀមខ្លួនរួចជាស្រេចសម្រាប់បទឈប់បាញ់រយៈពេល ៣០ថ្ងៃ ជាមួយរុស្ស៊ី ដែលចាប់ផ្តើមពីថ្ងៃចន្ទ ខណៈពេលដែលប្រទេសធំៗនៅអឺរ៉ុបទាមទារឲ្យរុស្ស៊ីយល់ព្រមលើបទឈប់បាញ់ ឬក៏ប្រឈមមុខនឹងការដាក់ទណ្ឌកម្មបន្ថែម។

កាលពីព្រឹកថ្ងៃអាទិត្យ លោក ពូទីន បានស្នើឲ្យបន្តការចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន នៅថ្ងៃទី ១៥ ខែឧសភា នៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសទួរគី ដោយបន្ថែមថា កិច្ចព្រមព្រៀងបទឈប់បាញ់ អាចត្រូវបានពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំ។
នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X កាលពីល្ងាចថ្ងៃអាទិត្យ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelensky) បាននិយាយថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេច ក្នុងការចរចា ហើយលោកនឹងនៅក្នុងប្រទេសទួរគី នៅថ្ងៃព្រហស្បតិ៍។
