រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានព្រមានបារាំង អង់គ្លេស និងអាល្លឺម៉ង់ ពីផលវិបាកសម្រាប់«ការបំពាន» យន្តការដាក់ទណ្ឌកម្មឡើងវិញ។
លោកបានធ្វើការអត្ថាធិប្បាយនៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីព្រឹកថ្ងៃចន្ទខណៈពេលដែលប្រតិកម្មទៅនឹងការលើកឡើងរបស់ក្រុមប្រទេសE3 ដែលមានប្រទេសបារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ដើម្បីជំរុញយន្តការដាក់ទណ្ឌកម្មឡើងវិញប្រឆាំងនឹងអ៊ីរ៉ង់។

យន្តការនេះ គឺជាខចែងពីការទទួលខុសត្រូវនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (JCPOA) រវាងអ៊ីរ៉ង់ និងមហាអំណាចដែលនឹងអនុញ្ញាតឲ្យភាគីផ្សេងទៀតដាក់ទណ្ឌកម្មអន្តរជាតិឡើងវិញទាំងអស់ ប្រសិនបើក្រុងតេអេរ៉ង់មិនអនុវត្តតាមកិច្ចព្រមព្រៀងនោះ។
លោក Araghchi បាននិយាយថា៖«យើងបានព្រមានជាផ្លូវការនូវប្រទេសហត្ថលេខី JCPOA ទាំងអស់ថា ការរំលោភបំពានណាមួយនៃយន្តការដាក់ទណ្ឌកម្មឡើងវិញ នឹងនាំឲ្យមានផលវិបាក មិនត្រឹមតែការបញ្ចប់តួនាទីរបស់អឺរ៉ុប នៅក្នុងកិច្ចព្រមព្រៀងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការកើនឡើងភាពតានតឹងដែលមិនអាចជៀសផុត។
លោកបានបញ្ជាក់ថា៖«របៀបដែលយើងឆ្លើយតបនៅពេលដ៏សំខាន់នេះ នឹងកំណត់អនាគតនៃទំនាក់ទំនងអ៊ីរ៉ង់-អឺរ៉ុប កាន់តែស៊ីជម្រៅជាងប្រទេសជាច្រើនទៀតបានដឹង»។
លោក Araghchi បានសម្តែងការត្រៀមខ្លួនរបស់អ៊ីរ៉ង់ «ប្រែក្លាយស្ថានភាពនាពេលអតីតកាល ឲ្យទៅជាសករាជថ្មី» ដោយបង្ហាញពីក្តីសង្ឃឹមថា ដៃគូអឺរ៉ុបរបស់ខ្លួន នឹងបង្ហាញពីឆន្ទៈដូចគ្នា។
