មន្ត្រីអាមេរិក បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទថា យោធាសហរដ្ឋអាមេរិក កំពុងដាក់ជំនួសយន្តហោះទម្លាក់គ្រាប់បែក B-2 របស់ខ្លួន ជាមួយនឹងយន្តហោះទម្លាក់គ្រាប់បែកប្រភេទផ្សេងទៀត នៅឯមូលដ្ឋានមួយ នៅឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលត្រូវបានគេមើលឃើញថា ស្ថិតក្នុងទីតាំងដ៏ល្អសម្រាប់ប្រតិបត្តិការ នៅមជ្ឈិមបូព៌ា។
មន្ទីរបញ្ចកោណ បានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-2 ដល់ទៅ ៦គ្រឿង ក្នុងខែមីនា ទៅកាន់មូលដ្ឋានយោធាអាមេរិក-អង់គ្លេស នៅលើកោះ Diego Garcia នៃមហាសមុទ្រឥណ្ឌា ចំពេលមានយុទ្ធនាការវាយប្រហាររបស់អាមេរិក នៅក្នុងប្រទេសយេម៉ែន និងភាពតានតឹងកាន់តែខ្លាំងជាមួយអ៊ីរ៉ង់។
ក្រុមអ្នកជំនាញ បាននិយាយថា យោធាអាមេរិក បានដាក់ពង្រាយ B-2s ដែលមានបច្ចេកវិទ្យាបំបាំងកាយ និងត្រូវបានបំពាក់សម្រាប់ផ្ទុកគ្រាប់បែក និងអាវុធនុយក្លេអ៊ែររបស់អាមេរិក ដែលមានទម្ងន់ធ្ងន់បំផុត ស្ថិតក្នុងទីតាំងប្រតិបត្តិការ នៅមជ្ឈិមបូព៌ា។

មន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានអះអាងថា យន្តហោះទម្លាក់គ្រាប់បែក B-2 ត្រូវបានជំនួសដោយយន្តហោះទម្លាក់គ្រាប់បែក B-52។
មន្ទីរបញ្ចកោណបាននិយាយថា ខ្លួនមិនបានធ្វើអត្ថាធិប្បាយលើការផ្លាស់ប្តូរជំហរដោយបង្ខំថា ជាបញ្ហានៃគោលនយោបាយនោះទេ។
កិច្ចចរចាថ្មីរវាងអ្នកចរចាអ៊ីរ៉ង់ និងអាមេរិក ដើម្បីដោះស្រាយជម្លោះលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ បានបញ្ចប់ក្នុងប្រទេសអូម៉ង់ កាលពីថ្ងៃអាទិត្យ ដោយការចរចាបន្ថែមទៀត ត្រូវបានគ្រោងទុក។ កិច្ចពិភាក្សាជុំទី៤ បានធ្វើឡើង មុនដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) ទៅកាន់មជ្ឈិមបូព៌ា។ លោក ត្រាំ ដែលបានគំរាមកំហែងសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើការទូតបរាជ័យនោះ បានស្ដារឡើងវិញនូវយុទ្ធនាការ «សម្ពាធអតិបរមា» លើទីក្រុងតេអេរ៉ង់ ចាប់តាំងពីការវិលត្រឡប់ទៅកាន់តំណែងសេតវិមានវិញ ក្នុងខែមករា។
