ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បាននិយាយថា លោកគ្រោងនឹងចុះហត្ថលេខាលើគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ជាអ្វីដែលអាចជួយជំរុញដល់ឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំង ខណៈដែលទំនាក់ទំនងរបស់លោកជាមួយសហរដ្ឋអាមេរិកកាន់តែអាប់អួ។
ពីមហាកំផែងប្រទេសចិន កាលពីថ្ងៃចន្ទ (ទី១២ ខែឧសភា) អំឡុងទស្សនកិច្ចផ្លូវរដ្ឋរបស់លោក លោក Petro បានបញ្ជាក់ថា៖ «ពួកយើងបានសម្រេចបោះជំហានទៅមុខយ៉ាងរឹងមាំ រវាងប្រទេសចិន និងតំបន់អាមេរិកឡាទីន។ សន្ធិសញ្ញាពាណិជ្ជកម្មណាមួយ នឹងត្រូវបានអនុម័តពីសភារបស់ប្រទេសកូឡុំប៊ី»។

លោក Petro បានធ្វើការអត្ថាធិប្បាយរបស់លោក នៅពេលចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសចិន ក្នុងអំឡុងពេលដែលលោកគ្រោងនឹងជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)។
ការប៉ុនប៉ងរបស់លោក ក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន បានគំរាមកំហែងដល់ទំនាក់ទំនងកំពុងរង្គោះរង្គើរបស់កូឡុំប៊ីជាមួយសហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ជាទីដែលខ្លួននាំចេញប្រេង ផ្កា និងកាហ្វេ។
នៅដើមឆ្នាំ២០២៥ លោក Petro មានជម្លោះជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានគំរាមដាក់ពន្ធ ២៥ភាគរយលើប្រទេសកូឡុំប៊ី ជុំវិញការមិនគោរពតាមការទាមទារ ពាក់ព័ន្ធនឹងការនិរទេសជនអន្តោប្រវេសន៍របស់លោក។ លោក Petro បានផ្លាស់ប្តូរគោលជំហរយ៉ាងឆាប់រហ័ស បន្ទាប់ពីកិច្ចព្រមព្រៀងមួយត្រូវបានសម្រេចឡើង៕
