វាអាចគ្រាន់តែជាការបន្ធូរបន្ថយរយៈពេល ៩០ថ្ងៃប៉ុណ្ណោះពីអត្រាពន្ធគយនៅចិនរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ប៉ុន្តែវាគឺជាពេលវេលាគ្រប់គ្រាន់ ដើម្បីទាក់ទាញក្រុមហ៊ុនឲ្យចាប់ផ្តើមប្រតិបត្តិការរោងចក្រឡើងវិញ និងការដឹកជញ្ជូន។
នាយកប្រតិបត្តិ លោក Monty Sharma បាននិយាយថា Therabody ដែលជាក្រុមហ៊ុនផលិតផលិតផលសុខភាពមានមូលដ្ឋាននៅទីក្រុង Los Angeles សហរដ្ឋអាមេរិក ដូចជាឧបករណ៍ម៉ាស្សា Theragun ជាដើម បានចាប់ផ្តើមការផលិតឡើងវិញ និងកំពុងបង្កើនការផលិតម្តងទៀត នៅក្នុងប្រទេសចិន។

លោកបានបន្ថែមថា៖ «នៅក្នុងការបំពេញការងាររយៈពេល ៤០ឆ្នាំ លោកមិនដែលសប្បាយចិត្តឡើយ ដោយសារការចំណាយកើនឡើងប្រហែល ៣០ភាគរយ»។
អ្នកលក់ទំនិញនាំចូលពីប្រទេសចិន កំពុងប្រឈមមុខនឹងហានិភ័យដូចជាការកើនឡើងភ្លាមៗនូវតម្រូវការដឹកជញ្ជូន ដែលរំពឹងថា នឹងបង្កើនថ្លៃដើម និងធ្វើឲ្យមានការពន្យារពេល។ លើសពីនេះទៀត រយៈពេល ៩០ថ្ងៃ ដែលពន្ធកំពុងត្រូវបានកាត់បន្ថយ មិនបានផ្តល់ឲ្យក្រុមហ៊ុននូវឱកាសច្រើនទេ នៅពេលនិយាយអំពីខ្សែច្រវាក់ផ្គត់ផ្គង់ឆ្លងកាត់មហាសមុទ្រ។
Bogg Bag ដែលជាក្រុមហ៊ុនដ៏ល្បីដោយសារកាបូបស្ពាយ បានផ្លាស់ប្តូរការសម្រេចពីមុន ក្នុងការដំឡើងតម្លៃ ហើយជំនួសមកវិញនឹងរក្សាតម្លៃដដែល ពោលគឺយ៉ាងហោចណាស់សម្រាប់ពេលនេះ។ ក្រុមហ៊ុននេះ ក៏បានបន្តការផលិតឡើងវិញដែលត្រូវបានបញ្ឈប់កាលពីដើមឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Bogg គ្រោងនឹងកាត់បន្ថយផលិតផលរដូវស្លឹកឈើជ្រុះ និងថ្ងៃឈប់សម្រាក សម្រាប់ផលិតចំនួន ៤៥មុខ ឬស្ទើរតែពាក់កណ្តាលនៃផលិតផលរបស់ខ្លួន៕
