ទូកក្ដោង៖ ក្រុមកីឡាទូកក្ដោងជម្រើសជាតិកម្ពុជាធ្វើបានយ៉ាងល្អ ក្នុងការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ ថ្ងៃដំបូង កាលពីថ្ងៃទី១៣ ខែធ្នូ ដោយកីឡាករម្ចាស់ផ្ទះដណ្ដើមបានចំណាត់ថ្នាក់លេខ១ ស្ទើរគ្រប់វិញ្ញាសាក្នុងចំណោម ៥វិញ្ញាសានៃការប្រកួតនៅឆ្នេរសុខានាខេត្ដព្រះសីហនុ។

កីឡាករ សែម ប្រុសពៅ ដែលប្រកួតលើវិញ្ញាសា RS:One បានសម្ដែងការសប្បាយចិត្ដជាខ្លាំង ដែលកម្ពុជាបានរៀបចំព្រឹត្តិការណ៍ប្រចាំតំបន់នេះឡើង ពិសេសការប្រកួតប្រជែងជាមួយបណ្ដាប្រទេសក្នុងតំបន់ ស្របពេលខ្លួនធ្វើបានយ៉ាងល្អដោយដណ្ដើមបានចំណាត់ថ្នាក់លេខ១ ក្នុងជុំទី១ និងលេខ២ ក្នុងជុំទី២ និងជុំទី៣។ តាមរយៈនេះកីឡាករទូកក្ដោងជម្រើសជាតិកម្ពុជារូបនេះ បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការបង្ហាញសមត្ថភាពរបស់កីឡាករ-កីឡាការិនី ហើយរំពឹងថា ពួកគេនឹងធ្វើបានកាន់តែល្អប្រសើរបន្ថែមទៀតដើម្បីពង្រឹង និងសម្រួចសមត្ថភាពត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។
ចំពោះលទ្ធផលបណ្ដោះអាសន្ននៃការប្រកួតថ្ងៃដំបូងនេះរួមមាន៖
១-វិញ្ញាសា ILCA 7 កីឡាករកម្ពុជាចូលរួម ២រូបទទួលបានចំណាត់ថ្នាក់លេខ ១ និងលេខ ៣ ក្នុងចំណោមកីឡាករ ៣រូប។
២-វិញ្ញាសា ILCA 6 កីឡាករកម្ពុជាចូលរួម ២រូបទទួលបានចំណាត់ថ្នាក់លេខ ៤ និងលេខ ៥ ក្នុងចំណោមកីឡាករ ៥រូប។
៣-វិញ្ញាសា RS:One កីឡាករកម្ពុជាចូលរួម ៣រូបទទួលបានចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ ៣ ក្នុងចំណោមកីឡាករ ៥រូប។
៤-វិញ្ញាសា Techno 293 កីឡាករកម្ពុជាចូលរួម ៥រូបទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ៣ ក្នុងចំណោមកីឡាករសរុប ៨រូប។
៥-វិញ្ញាសា ILCA 4 តែវិញ្ញាសានេះកម្ពុជាពុំបានបញ្ជូនកីឡាករចូលរួមប្រកួត។
លោក ថោង រដ្ឋសក្ដិ អនុប្រធានសហព័ន្ធកីឡាទូកក្ដោងកម្ពុជាបានឲ្យដឹងថា ព្រឹត្តិកាណ៍នេះមានកីឡាករ-កីឡាការិនី ២៧នាក់មកពី ៣ប្រទេសចូលរួម រួមមានកម្ពុជា សិង្ហបុរី និងម៉ាឡេស៊ី ដោយប្រកួតលើវិញ្ញាសាចំនួន ៥ ក្នុងនោះវិញ្ញាសានីមួយៗកីឡាករ-កីឡាការិនីម្នាក់ៗត្រូវប្រកួតយ៉ាងហោច ១៦ជុំចាប់ពីថ្ងៃទី១៣-១៧ ខែធ្នូ បន្ទាប់មកទើបគណៈកម្មការធ្វើការបូកសរុបពិន្ទុ ដើម្បីកំណត់កីឡាករ-កីឡាការិនីជ័យលាភី៕
អត្ថបទ៖ លី ឈុនឡា