ស៊ូដង់៖ កងកម្លាំងសន្តិសុខបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករនៅក្នុងរដ្ឋធានីរបស់ប្រទេសស៊ូដង់ ដែលតវ៉ាប្រឆាំងទៅនឹងរដ្ឋប្រហារយោធាកាលពីខែតុលា និងកិច្ចព្រមព្រៀងជាបន្តបន្ទាប់ដែលបានធ្វើឱ្យនាយករដ្ឋមន្ត្រីលោក Abdalla Hamdok ដែលត្រូវបានទម្លាក់ចេញពីតំណែង ចូលកាន់តំណែងឡើងវិញ។

មនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មក្នុងទីក្រុង Khartoum និងទីក្រុងផ្សេងទៀតរបស់ប្រទេសស៊ូដង់ដូចជាទីក្រុង Omdurman ជាផ្នែកនៃបាតុកម្មបន្តបន្ទាប់ដែលបានធ្វើឡើងនៅក្នុងប្រទេស ចាប់តាំងពីយោធាបានដណ្តើមអំណាចកាលពីថ្ងៃទី២៥ ខែតុលា។ រដ្ឋប្រហារបានធ្វើឱ្យមានការផ្លាស់ប្តូរផែនការដ៏ផុយស្រួយ ចំពោះការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យជាងពីរឆ្នាំ បន្ទាប់ពីការបះបោរដែលបានបង្ខំឱ្យមានការបណ្តេញចេញមេដឹកនាំផ្តាច់ការយូរមកលោក Omar al-Bashir និងរដ្ឋាភិបាលអ៊ីស្លាមនិយមរបស់លោកកាលពីខែមេសា ឆ្នាំ២០១៩។ លោក Hamdok បានឡើងកាន់តំណែងជាថ្មីកាលពីខែមុនក្នុងពេលមានសម្ពាធពីអន្តរជាតិ។ កិច្ចព្រមព្រៀងនោះរួមមានការដោះលែងមន្ត្រីរដ្ឋាភិបាល និងអ្នកនយោបាយដែលត្រូវបានឃុំខ្លួនតាំងពីរដ្ឋប្រហារ។
ទោះយ៉ាងណា កិច្ចព្រមព្រៀងថ្ងៃទី២១ ខែវិច្ឆិកាត្រូវបានច្រានចោលដោយចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យដែលទទូចថា អំណាចត្រូវបានប្រគល់ទៅឱ្យរដ្ឋាភិបាលស៊ីវិលដើម្បីដឹកនាំ។ ការតវ៉ារបស់ពួកគេធ្វើតាមពាក្យស្លោកថា គ្មានការចរចា គ្មានការសម្រុះសម្រួល គ្មានការបែងចែកអំណាចជាមួយយោធា។ វីដេអូដែលថតបានកាលពីថ្ងៃចន្ទ បានបង្ហាញបាតុករធ្វើបាតុកម្មនៅទីតាំងផ្សេងគ្នាក្នុងក្រុង Khartoum និងទីក្រុង Omdurman។ យោងតាមសកម្មជនបាននិយាយថា ក្នុងការធ្វើបាតុកម្មកន្លងមកកងកម្លាំងសន្តិសុខបានប្រើអំពើហិង្សា រួមទាំងការបាញ់គ្រាប់ពិតទៅលើក្រុមបាតុករ។ យ៉ាងហោចណាស់មនុស្ស ៤៤នាក់បានស្លាប់ និងរាប់រយនាក់រងរបួសនៅក្នុងការតវ៉ាដែលបង្កឡើងដោយរដ្ឋប្រហារ៕
អត្ថបទ៖ ប៊ុនថន