មេធាវីរបស់មហាសេដ្ឋិនីអចលនទ្រព្យវៀតណាម ដែលប្រឹងប្រែងឲ្យបានគេចផុតពីទោសប្រហារជីវិត ក្នុងសំណុំរឿងក្លែងបន្លំប្រាក់រាប់ពាន់លានដុល្លារ បាននិយាយនៅថ្ងៃអង្គារ (១៣ ឧសភា) នេះថា កូនក្ដីរបស់ខ្លួនបានសន្យាថា នឹងប្រែក្លាយអាណាចក្រអចលនទ្រព្យរបស់លោកស្រីឲ្យទៅជា «ពពែមាស» ពោលគឺទាញយកប្រាក់ចំណេញមហាសាល ដើម្បីជួយសងទ្រព្យសម្បត្តិដែលលោកស្រីបានកេងបន្លំ។
អ្នកអភិវឌ្ឍន៍អចលនទ្រព្យ លោកស្រី Truong My Lan កាលពីខែធ្នូ បានចាញ់ការប្តឹងឧទ្ធរណ៍ជំទាស់នឹងការផ្ដន្ទាទោសប្រហារជីវិត ក្នុងសំណុំរឿងដែលលោកស្រីត្រូវបានគេរកឃើញថា មានទោសពីបទលួចយកប្រាក់ពីធនាគារ Saigon Commercial Bank (SCB) និងការក្លែងបន្លំទឹកប្រាក់ចំនួន ២៧ពាន់លានដុល្លារ។

សាលាឧទ្ធរណ៍បានម្រេចថា មិនមានមូលដ្ឋាន ដើម្បីកាត់បន្ថយទោសរបស់លោកស្រីទេ ប៉ុន្តែបាននិយាយថា លោកស្រីនៅតែអាចគេចផុតពីទោសប្រហារជីវិត ប្រសិនបើលោកស្រិសងត្រលប់វិញចំនួន ១ភាគ៤នៃទឹកប្រាក់ដែលលួច។
មេធាវីរបស់លោកស្រី គឺលោក Giang Hong Thanh បានប្រាប់សារព័ត៌មាន AFP ថា នៅក្នុងលិខិតមួយផ្ញើចេញពីពន្ធនាគារទៅកាន់គណៈកម្មាធិការគ្រប់គ្រងដោយរដ្ឋ ដែលទទួលបន្ទុកដោះស្រាយទ្រព្យសម្បត្តិរបស់លោកស្រី លោកស្រី Lan បានប្រាប់ថា ទ្រព្យសម្បត្តិរបស់លោកស្រីត្រូវបានគេវាយតម្លៃទាបខ្លាំង ដែលបង្កជាការខាតបង់ដែលអាចមានចំពោះរដ្ឋ និងប៉ះពាល់ដល់សិទ្ធិរបស់លោកស្រី។
ដោយអង្វរសុំអាជ្ញាធរអនុញ្ញាតឲ្យលោកស្រីបានចូលរួម លោកស្រី Lan បានសរសេរនៅក្នុងលិខិតនោះថា៖ «ខ្ញុំជឿថា ជាមួយនឹងបទពិសោធន៍ ៣០ឆ្នាំរបស់ខ្ញុំ ក្នុងអាជីវកម្មអចលនទ្រព្យ និងការយល់ដឹងផ្នែកច្បាប់យ៉ាងច្បាស់លាស់របស់ខ្ញុំ ខ្ញុំអាចប្រែក្លាយទ្រព្យសម្បត្តិភាគច្រើនទៅជាប្រាក់ចំណេញមហាសាស ដើម្បីឲ្យរដ្ឋអាចយកមកវិញនូវទឹកប្រាក់ដែលបាត់បង់»៕
