រដ្ឋមន្ត្រីការបរទេសអឺរ៉ុបមួយក្រុម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា បណ្តាប្រទេសនៅអឺរ៉ុបបានត្រៀមខ្លួន ក្នុងការពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន និងបំពេញបន្ថែមឃ្លាំងអាវុធរបស់ប្រទេសនេះ។
ប្រមុខការទូតនៃចក្រភពអង់គ្លេស អេស្ប៉ាញ អ៊ីតាលី ប៉ូឡូញ បារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុប បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញផ្សាយដោយការិយាល័យការបរទេសចក្រភពអង់គ្លេស បន្ទាប់ពីការពិគ្រោះយោបល់នៅទីក្រុងឡុងដ៍ថា៖«យើងបានយល់ព្រមធ្វើការជាមួយអ៊ុយក្រែនលើគំនិតផ្តួចផ្តើមក្នុងការពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន ឃ្លាំងអាវុធ និងគ្រឿងយុទ្ធោបករណ៍ និងពង្រឹងសមត្ថភាពឧស្សាហកម្មបន្ថែមទៀត»។
ភាគីទាំងពីរ ក៏បានសម្តែងការប្តេជ្ញាចិត្ត «ចំពោះការធានាសន្តិសុខដ៏រឹងមាំសម្រាប់អ៊ុយក្រែន»។
ឯកសារនោះ បានឲ្យដឹងថា៖«ការធានានេះ រួមបញ្ចូលទាំងការស្វះស្វែងបង្កើតកងកម្លាំងចម្រុះផ្លូវអាកាស ជើងគោក និងដែនសមុទ្រ ដែលអាចជួយបង្កើតទំនុកចិត្តក្នុងសន្តិភាពនាពេលអនាគត និងគាំទ្រដល់ការបង្កើតកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនឡើងវិញ»។