វិមានក្រឹមឡាំង នៅថ្ងៃអង្គារ (ទី១៣ ខែឧសភា) នេះ បានច្រានចោលសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាកាសចរណ៍នៃអង្គការសហប្រជាជាតិ (UN) ដោយចាត់ទុកថា ជាការសរុបមានភាពលម្អៀង បន្ទាប់ពីបានទម្លាក់ការទទួលខុសត្រូវទៅលើប្រទេសរុស្ស៊ី ពាក់ព័ន្ធនឹងការធ្លាក់យន្តហោះម៉ាឡេស៊ី នៅអ៊ុយក្រែន ក្នុងឆ្នាំ២០១៧ ជាហេតុកាណ៍ដែលបានសម្លាប់អ្នកដំណើរ និងនាវិកទាំងអស់ចំនួន ២៩៨នាក់។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖ «ជំហររបស់យើងត្រូវបានគេដឹងយ៉ាងច្បាស់លាស់។ អ្នកដឹងហើយថា រុស្ស៊ីមិនមែនជាប្រទេសដែលបានចូលរួមក្នុងការស៊ើបអង្កេតលើឧប្បត្តិហេតុនេះទេ ដូច្នេះ យើងមិនទទួលយកការសន្និដ្ឋានលម្អៀងណាមួយឡើយ»។
សូមរំលឹកថា ជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានចាកចេញពីទីក្រុង Amsterdam ប្រទេសហូឡង់ ទៅកាន់ទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ហើយត្រូវបានបាញ់ទម្លាក់នៅភាគខាងកើតប្រទេសអ៊ុយក្រែន ខណៈដែលការប្រយុទ្ធគ្នាបានកើតឡើង រវាងក្រុមផ្តាច់ខ្លួនគាំទ្ររុស្ស៊ី និងកងកម្លាំងអ៊ុយក្រែន។ ជនរងគ្រោះរួមមានពលរដ្ឋហូឡង់ ១៩៦នាក់ និងជនជាតិអូស្ត្រាលី ឬជនជាតិផ្សេង ៣៨នាក់។
កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ចៅក្រមហូឡង់បានកាត់ទោសកំបាំងមុខ ចំពោះបុរសរុស្ស៊ី ២នាក់ និងបុរសអ៊ុយក្រែនម្នាក់ ពីបទមនុស្សឃាត ពាក់ព័ន្ធនឹងតួនាទីរបស់ពួកគេ ក្នុងការវាយប្រហារនេះ។ ទីក្រុងមូស្គូបានហៅសេចក្តីសម្រេចនេះថា ជា «រឿងគួរឲ្យខ្មាសអៀន» ហើយបាននិយាយថា ខ្លួននឹងមិនធ្វើបត្យាប័នពលរដ្ឋរបស់ខ្លួនឡើយ៕