តេក្វាន់ដូ៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT បានជំរុញគ្រូបង្វឹក និងលើកទឹកចិត្តត្រូវសិក្សារៀនសូត្របន្ថែម ដើម្បីពង្រឹងសមត្ថភាពឆ្ពោះទៅរកការអភិវឌ្ឍ ពោលគឺមិនចាញ់កីឡាករ-កីឡាការិនីឡើយ ដ្បិតបើគ្រូបង្វឹកខ្លាំងនឹងរួមចំណែកផលិតបាននូវធនធានកីឡាករ-កីឡាការិនីខ្លាំងៗកាន់តែច្រើន។

លោកជំទាវបានថ្លែងបែបនេះក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកតេក្វាន់ដូ WT ថ្នាក់ជាតិឆ្នាំ២០២១ កាលពីចុងសប្ដាហ៍កន្លងទៅ ហើយលោកជំទាវបានវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមដែលខិតខំសិក្សា និងក្រេបយកចំណេះដឹងថ្មីអំពីជំនាញគ្រូបង្វឹក សម្រាប់បង្ហាត់ប្រៀនកូនសិស្សតាមសមាគម/ក្លិបឲ្យកាន់តែមានប្រសិទ្ធភាព និងរីកចម្រើនបន្ថែមទៀត ពិសេសរួមចំណែកអភិវឌ្ឍន៍ធនធានកីឡាករ-កីឡាការិនីត្រៀមស៊ីហ្គេមឆ្នាំ២០២៣ តែម្ដង។ ឯកឧត្តម ជ្រិន សុធា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា វគ្គនេះមានសិក្ខាកាមមកពីបណ្តាក្លិបកីឡាតេក្វាន់ដូ WT រាជធានី-ខេត្តសរុបចំនួន ២០នាក់។ ចំពោះលទ្ធផលប្រឡងបញ្ចប់វគ្គដែលទទួលបានរួមមាន៖ និទ្ទេសល្អ ៣នាក់ (ស្រី១) ស្មើនឹង ១៥%, ល្អបង្គួរ ៩នាក់ (ស្រី៧) ស្មើនឹង ៤៥% និងមធ្យម ៨នាក់ (ស្រី៥) ស្មើនឹង ៤០%៕
អត្ថបទ៖ លី ឈុនឡា