សេវាសង្គ្រោះបន្ទាន់ និងប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា យ៉ាងហោចណាស់សមាជិក ៩នាក់នៃកងកម្លាំងប៉ារ៉ាម៉ាឡេស៊ី បានបាត់បង់ជីវិត នៅថ្ងៃអង្គារ (១៣ ឧសភា) នៅពេលដែលរថយន្តដឹកពួកគេបានបុកជាមួយរថយន្តធុនធ្ងន់។
សេវាសង្គ្រោះបន្ទាន់របស់រដ្ឋ Perak បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលអង្គភាពកំពុងវិលត្រលប់ទៅទីក្រុង Ipoh ភាគខាងជើងនៃប្រទេសម៉ាឡេស៊ី បន្ទាប់ពីបានចូលរួមយាមពិធីបុណ្យសាសនាហិណ្ឌូ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «រថយន្តនគរបាលបានបុកជាមួយរថយន្តដឹកក្រួស ដោយបានធ្វើឲ្យជនរងគ្រោះ ៣នាក់ជាប់នៅខាងមុខ ខណៈ ១៥នាក់ទៀតនៅខាងក្រោយ»។
របាយការណ៍បឋមបានបង្ហាញថា សមាជិក ៨នាក់នៃអង្គភាព Federal Reserve Unit របស់ម៉ាឡេស៊ី បានស្លាប់ ក្នុងនោះរួមទាំងអ្នកបើកបររថយន្តផងដែរ។ សេចក្ដីរាយការណ៍ព័ត៌មាន បានឲ្យដឹងថា ក្រោយមក សមាជិកកងកម្លាំងប៉ារ៉ាទី៩ បានស្លាប់ដោយសាររបួសធ្ងន់ពេក។
ស្នងការនគរបាលរដ្ឋ Perak លោក Bakri Zainal Abidin បានប្រាប់សារព័ត៌មាន New Straits Times ថា៖ «មនុស្ស ២នាក់ទៀត ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយមនុស្ស ៧នាក់ទៀត កំពុងត្រូវបានព្យាបាលរបួសកម្រិតមធ្យម»។
លោកបានបន្ថែមថា នគរបាលបានចាប់ខ្លួនអ្នកបើករថយន្តធុនធ្ងន់វ័យ ៤០ឆ្នាំ ដែលជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់នេះ។ សារព័ត៌មាន The Star របស់ម៉ាឡេស៊ី បានរាយការណ៍ថា អ្នកបើកបររថយន្តធុនធ្ងន់នោះមិនរងរបួសអ្វីឡើយ។ ការស៊ើបអង្កេត ដើម្បីកំណត់ដើមហេតុនាំឲ្យមានឧបទ្ទវហេតុនេះ កំពុងដំណើរការ៕