កងទ័ពប៉ាគីស្ថាន និយាយនៅថ្ងៃអង្គារនេះថា ជនស៊ីវិល ៤០នាក់ និងទាហាន ១១នាក់ ត្រូវបានសម្លាប់កាលពីសប្តាហ៍មុន នៅក្នុងការប្រឈមដាក់គ្នាដ៏អាក្រក់បំផុតជាមួយឥណ្ឌា នារយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ។
ប្រទេសជិតខាងប្រដាប់អាវុធទាំង ២ បានជាប់ផុងក្នុងជម្លោះរយៈពេល ៤ថ្ងៃ ដែលគំរាមធ្វើឲ្យកើតសង្រ្គាមពេញបន្ទុក មុនពេលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ប្រកាសបទឈប់បាញ់កាលពីថ្ងៃសៅរ៍ដែលលោកនិយាយថា ទីក្រុងវ៉ាស៊ីនតោនជាអ្នករៀបចំឡើង ។
កងទ័ពប៉ាគីស្ថាន និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារដោយឥតញញើតដៃ និងមិនអាចប្រកែកបានរបស់ឥណ្ឌា បានសម្លាប់ជនស៊ីវិល ៤០នាក់ រួមទាំងស្រ្តី ៧នាក់ និងកុមារ ១៥នាក់ ។
ពួកគេបន្តថា ខណៈពេលការពារមាតុភូមិដ៏អង់អាចរបស់ខ្លួន ទាហានប៉ាគីស្ថាន ១១នាក់ ត្រូវបានសម្លាប់ ហើយមនុស្ស ៧៨នាក់ផ្សេងទៀត បានរងរបួស ។
ពួកគេនិយាយទៀតថា រាល់ការប៉ុនប៉ងណាមួយក្នុងការប៉ះពាល់អធិបតេយ្យភាព ឬបូរណភាពទឹកដីប៉ាគីស្ថានម្តងទៀត នឹងត្រូវប្រឈមនឹងការឆ្លើយតបរហ័សយ៉ាងចាស់ដៃបំផុត ៕