
ក្រោយការផ្ទុះអាវុធដាក់គ្នាអស់រយៈពេលជាច្រើនថ្ងៃនៅតាមទីក្រុងព្រំដែនប្រទេសឥណ្ឌា សាលារៀនបានបើកទ្វារឡើងវិញនៅថ្ងៃអង្គារនេះ ស្របពេលតំបន់វិលត្រឡប់មករកប្រក្រតីភាពវិញ បន្ទាប់ពីមានបទឈប់បាញ់ជាមួយប៉ាគីស្ថាន ។
ស្របពេលដែលភាពស្ងប់ស្ងាត់វិលត្រឡប់មករកទីក្រុងតាមព្រំដែនមួយចំនួន និងធុរកិច្ចចាប់ផ្តើមបើកឡើងវិញជាបណ្តើរៗ កងទ័ពឥណ្ឌាបានដាក់ការស្តីបន្ទោសការបំពានបទឈប់បាញ់ដំបូងមួយចំនួនលើទីក្រុងអ៊ីស្លាម៉ាបាដ ។
បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងតានតឹងអស់រយៈពេលជាច្រើនថ្ងៃ ឥណ្ឌា និងប៉ាគីស្ថាន បានឯកភាពលើបទឈប់បាញ់កាលពីថ្ងៃសៅរ៍ ក្រោមសម្ពាធពីសហរដ្ឋអាមេរិក ។

ប្រទេសទាំង ២ បានវាយប្រហារលើគោលដៅយោធាគ្នាទៅវិញទៅមក ដោយប្រើប្រាស់មីស៊ីល និងយានដ្រូនកាលពីសប្តាហ៍មុន ហើយចំនួនមនុស្សស្លាប់នៅក្នុងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនេះ បានកើនឡើងដល់ជិត ៧០នាក់ ។
ខណៈពេលនោះដែរ សាលារៀននៅតំបន់កាស្មៀរ គ្រប់គ្រងដោយប៉ាគីស្ថាន បានបើកទ្វារឡើងវិញដូចគ្នា ក្រោយបទឈប់បាញ់មួយនេះ ។
លោក Mohammad Saeed Qureshi គឺជានាយករដ្ឋសាលាវិទ្យាល័យ Chakothiរបស់ប៉ាគីស្ថាន និយាយថា នៅថ្ងៃអង្គារនេះ ស្ថាប័នអប់រំរបស់ពួកយើង បានបើកដណើរការឡើងវិញហើយ ។ អរគុណព្រះអាឡា កាលដែលសាលារៀនរបស់ពួកយើងបើកទ្វារឡើងវិញ ។
លោកបន្តថា ទោះបីជាយ៉ាងណាក៏ដោយ វត្តមានសិស្សនៅមិនទាន់មានច្រើននោះទេនៅថ្ងៃនេះ ដោយសារសិស្សជាច្រើន បានផ្លាស់ទីលំនៅទៅកាន់កន្លែងសុវត្ថិភាព ប៉ុន្តែពួកគេចាប់ផ្តើមវិលត្រឡប់មកវិញបន្តិចម្តងៗហើយ ៕