ប្រភពមន្ត្រីអាមេរិក ៤នាក់ បាននិយាយថា នៅប៉ុន្មានថ្ងៃមុនពេលមានកិច្ចព្រមព្រៀងឈប់បាញ់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់សហរដ្ឋអាមេរិកជាមួយក្រុមសកម្មប្រយុទ្ធហ៊ួទី ភ្នាក់ងារស៊ើបការណ៍ចារកម្មសម្ងាត់របស់អាមេរិក បានចាប់ផ្ដើមមើលឃើញរួចទៅហើយនូវសញ្ញាជាច្រើនដែលបង្ហាញថា ក្រុមយុទ្ធជនយេម៉ែនមួយនេះ កំពុងស្វែងរកច្រកចេញ បន្ទាប់ពីយុទ្ធនាការទម្លាក់គ្រាប់បែករបស់អាមេរិក អស់រយៈពេល ៧សប្តាហ៍ឥតឈប់ឈរ។
មន្ត្រីនិយាយថា ប្រហែលជានៅចុងសប្តាហ៍ដំបូងក្នុងខែឧសភា មេដឹកនាំក្រុមហ៊ួទី បានចាប់ផ្ដើមទាក់ទងទៅកាន់សម្ព័ន្ធមិត្តអាមេរិក នៅមជ្ឈិមបូព៌ាពីរឿងនេះ។ ប្រភពដែលសុំមិនបញ្ចេញឈ្មោះទាំងនោះបន្តថា "ចារកម្មបានចាប់ផ្ដើមដឹងថា ក្រុមហ៊ួទីទប់ទល់លែងបានហើយ" ដោយព្យាយាមរកច្រកចេញពីប្រតិបត្តិការយោធារបស់អាមេរិក។
បទសម្ភាសន៍ជាមួយមន្ត្រីអាមេរិកបច្ចុប្បន្ន និងអតីតមន្ត្រីការទូត ព្រមទាំងអ្នកជំនាញផ្សេងទៀត បានបង្ហាញថា យុទ្ធនាការយោធារបស់បញ្ជាការកណ្តាលអាមេរិក ធ្លាប់បានគិតទុកជាមុនថាអាចនឹងអូសបន្លាយពេញមួយឆ្នាំ២០២៥នេះ ប៉ុន្តែក៏បានឈានដល់ការផ្អាកជាបន្ទាន់ក្រោមបទឈប់បាញ់នៅថ្ងៃទី០៦ ខែឧសភា បន្ទាប់ពីដំណើរការអស់ ៥២ថ្ងៃ ដែលអនុញ្ញាតឱ្យលោកប្រធានាធិបតី Donald Trump ប្រកាសជ័យជម្នះ មុនពេលធ្វើដំណើរទស្សនកិច្ចទៅកាន់មជ្ឈិមបូព៌ាក្នុងសប្តាហ៍នេះ។
ប្រភពសង្កត់ធ្ងន់ថា អ៊ីរ៉ង់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកទឹកចិត្តឱ្យក្រុមហ៊ួទីនេះ ធ្វើការចរចាឈប់បាញ់ ខណៈទីក្រុងតេអេរ៉ង់ បន្តកិច្ចចរចាផ្ទាល់ខ្លួនជាមួយសហរដ្ឋអាមេរិក ជុំវិញកម្មវិធីនុយក្លេអ៊ែរ ក្នុងគោលបំណងបញ្ចប់ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងទប់ស្កាត់ការវាយប្រហារដោយយោធាអាមេរិក ឬអ៊ីស្រាអែល៕