កីឡាករប្រណាំងកង់ហូឡង់ Casper van Uden បានប្រជែងឈ្នះដំណាក់កាលទី ៤ នៃព្រឹត្តិការណ៍ប្រណាំងកង់ Giro d’Italia ជាជ័យជំនះក្នុងដំណាក់កាលជាលើកដំបូងក្នុងអាជីពនៅព្រឹត្តិការណ៍ Grand Tour។
ដំណាក់កាលទី ៤ ដែលមានចំងាយផ្លូវ ១៨៩ គីឡូម៉ែត្រចេញពី Alberobello ទៅកាន់ Lecce ក្នុងស្ថានភាពផ្លូវរាបស្មើ កីឡាកររបស់ក្រុម Team Picnic PostNL, Casper van Uden បានចំណាយពេល ៤ ម៉ោង ២ នាទី ២១ វិនាទី ដើម្បីមកដល់ទីព្រ័ត្រមុនគេ តាមពីក្រោយដោយមិត្តរួមជាតិហូឡង់ Olav Kooij ស្ថិតក្នុងថេរវេលាដូចគ្នា ខណៈលេខបីក៏ជាកីឡាករហូឡង់ផងដែរ Maikel Zijlaard ជិះឱ្យក្រុម Tudor Pro Cycling។
យ៉ាងណាក្តី ក្រោយបួនដំណាក់កាលនេះ អ្នកនាំមុខគេក្នុងតារាងរួមនៅតែជាកីឡាករដាណឺម៉ាក Mads Pedersen ដដែល កាន់វេលាសរុប ១១ ម៉ោង ៤៤ នាទី ៣១ វិនាទី តាមពីក្រោយ ៧ វិនាទីដោយជើងឯកឆ្នាំ ២០២៣ សញ្ជាតិស្លូវេនី Primoz Roglic និងលេខបី Mathias Vacek យឺតជាង ១៤ វិនាទី។
សម្រាប់ដំណាក់កាលទី ៥ ថ្ងៃពុធនេះមានចំងាយផ្លូវ ១៥១ គីឡូម៉ែត្រប្រណាំងលើស្ថានភាពផ្លូវទួលខ្ពង់រាបពី Ceglie Messapica ទៅកាន់ Matera ភាគខាងត្បូងប្រទេសអ៊ីតាលី៕
អត្ថបទ៖នាង សុភាវុធ