មួយថ្ងៃបន្ទាប់ពីឥណ្ឌាបានបណ្តេញបុគ្គលិកឧត្ដមស្នងការជាន់ខ្ពស់ប៉ាគីស្ថានមួយរូបពីបទពាក់ព័ន្ធករណីចារកម្ម ប៉ាគីស្ថាន បានបណ្តេញបុគ្គលិកឧត្ដមស្នងការជាន់ខ្ពស់ឥណ្ឌាមួយរូបនៅក្នុងទីក្រុង Islamabad។

រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក Rajnath Singh កាលពីថ្ងៃអង្គារ ១៣ ឧសភា សប្ដាហ៍នេះ បានពិនិត្យយ៉ាងទូលំទូលាយអំពីសេណារីយ៉ូសន្តិសុខជាតិនៅតាមបណ្តោយព្រំដែនជាមួយប៉ាគីស្ថា។

ក្រសួងការបរទេសឥណ្ឌា(MEA)បានប្រកាសថា មន្ត្រីនៃឧត្ដមស្នងការជាន់ខ្ពស់ប៉ាគីស្ថានមួយរូបលែងទទួលបានការស្វាគមន៍ ដោយបណ្តេញចេញពីបទចារកម្ម។ ការសម្រេចចិត្តទាក់ទងនឹងមន្ត្រីដែលមិនត្រូវបានបញ្ចេញឈ្មោះដោយភាគីទាំងសងខាង ត្រូវបានបញ្ជូនទៅមន្ត្រីទទួលបន្ទុកកិច្ចការប៉ាគីស្ថាន លោក Saad Warraich ប្រចាំនៅទីក្រុង New Delhi ដែលត្រូវបានចេញដីកាដោយសុំឱ្យបុគ្គលិកនោះចាកចេញពីប្រទេសឥណ្ឌាក្នុងរយៈពេល ២៤ ម៉ោង។

យោធាប៉ាគីស្ថានកាលពីថ្ងៃអង្គារបានប្រកាសថា កងទ័ពរបស់ខ្លួនចំនួន ១១នាក់ត្រូវបានសម្លាប់ និង ៧៨នាក់បានរងរបួស ក្នុងការប្រឈមដាក់គ្នាខាងយោធាចាប់តាំងពីប្រទេសឥណ្ឌាបានចាប់ផ្តើមប្រតិបត្តិការយោធា។
ប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានរំលឹកឡើងវិញនូវ "ជំហរជាតិដ៏យូរអង្វែង" របស់ខ្លួនដោយចាត់ទុកតំបន់ Jammu និង Kashmir ជាបញ្ហា "ទ្វេភាគី" ដែលត្រូវដោះស្រាយនៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងឥណ្ឌា-ប៉ាគីស្ថាន៕