ប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃអង្គារ (១៣ ឧសភា) ថា ខ្លួននៅតែប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ជាមួយឥណ្ឌា ដែលបានព្រមព្រៀងគ្នាបន្ទាប់ពីការប្រយុទ្ធដ៏តានតឹងអស់ពេល ៤ថ្ងៃកាលពីសប្តាហ៍មុន ប៉ុន្តែក៏បានព្រមានថានឹងឆ្លើយតបទៅនឹងការឈ្លានពានណាមួយនាពេលអនាគតដោយទីក្រុងញូវដែលី ជាមួយនឹងកម្លាំងពេញបន្ទុក។

ការអត្ថាធិប្បាយពីទីក្រុងអ៊ីស្លាម៉ាបាដនេះ បានធ្វើឡើងក្នុងការឆ្លើយតបនឹងសុន្ទរកថាទៅកាន់ប្រជាជាតិដោយលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi កាលពីថ្ងៃចន្ទ ដោយក្នុងនោះលោកបានព្រមានប៉ាគីស្ថានថា ទីក្រុងញូវដែលីនឹងកំណត់គោលដៅលើ "កន្លែងលាក់ខ្លួនក្រុមភេរវករ" ឆ្លងព្រំដែនម្តងទៀត ប្រសិនបើមានការវាយប្រហារថ្មីលើឥណ្ឌា ដោយមិនមានការរារាំងពី "ការគំរាមកំហែងនុយក្លេអ៊ែរឡើយ"។

ក្រសួងការបរទេសប៉ាគីស្ថាន និយាយថា ទីក្រុងអ៊ីស្លាម៉ាបាដច្រានចោលជាដាច់ខាតចំពោះ "ការអះអាងបង្កហេតុ និងបញ្ឆេះកំហឹង" ដែលធ្វើឡើងដោយលោក Modi កាលពីថ្ងៃចន្ទ។ ក្រសួងបន្តថា "ប៉ាគីស្ថាននៅតែប្តេជ្ញាចិត្តចំពោះបទឈប់បាញ់នាពេលថ្មីៗនេះ និងចាត់វិធានការចាំបាច់ឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង និងស្ថិរភាពក្នុងតំបន់" ដោយបន្ថែមថា ការឈ្លានពានណាមួយនាពេលអនាគត ក៏នឹងត្រូវបានតតាំងយ៉ាងពេញលេញផងដែរ។

គួរឱ្យដឹងថា ប្រទេសជិតខាងអាស៊ីខាងត្បូងមានអាវុធនុយក្លេអ៊ែរទាំងពីរនេះ បានបាញ់មីស៊ីល និងយានដ្រូនដាក់គ្នាទៅមក ដែលបណ្ដាលឱ្យមានអ្នកស្លាប់រាប់សិបនាក់ បន្ទាប់ពីឥណ្ឌា និយាយថា ខ្លួនវាយប្រហារ “ហេដ្ឋារចនាសម្ព័ន្ធភេរវករ” នៅក្នុងប៉ាគីស្ថាន និងតំបន់កាស្មៀរ ផ្នែកខាងប៉ាគីស្ថាន កាលពីថ្ងៃពុធសប្ដាហ៍មុន ជាការសងសឹកចំពោះការវាយប្រហារលើអ្នកទេសចរហិណ្ឌូនៅតំបន់កាស្មៀរឥណ្ឌា ដែលសម្លាប់មនុស្ស ២៦នាក់៕