បាល់ទាត់៖ ការចាប់ឆ្នោតវគ្គ ១៦ក្រុមចុងក្រោយនៃក្របខណ្ឌ UEFA Champions League ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃចន្ទម្សិលមិញ តែត្រូវធ្វើឡើងដល់ទៅ ២ដងដោយសារកំហុសបច្ចេកទេសរបស់ UEFA។ ដំបូង Manchester United ត្រូវបានចាប់ឆ្នោតជួបជាមួយ Paris Saint Germain ដែលនឹងជាជំនួបរវាង Messi និង Ronaldo តែក្រោយពីរកឃើញកំហុសបច្ចេកទេសការចាប់ឆ្នោតទាំងស្រុងត្រូវធ្វើឡើងវិញក្រោយ UEFA ពិនិត្យមិនសព្វជ្រុងជ្រោងពោលគឺ Manchester United ដែលស្ថិតក្នុងពូលជាមួយ Villarreal នោះបែរជាស្ថិតក្នុងលទ្ធភាពដែលអាចជួបគ្នាទៀត ដែលនេះគឺខុសពីរូបមន្តនៃការចាប់ឆ្នោតរបស់ UEFA។
យ៉ាងណាក្តីការចាប់ឆ្នោតឡើងវិញនៅវេលាម៉ោង ៩យប់នៅកម្ពុជា Manchester United ត្រូវជួបជាមួយ Atletico Madrid វិញដែលនឹងជាការប្រកួតដែលអ្នកចាំទី David De Gea ជួបជាមួយក្លិបចាស់របស់ខ្លួន។ ចំណែកក្រុមការពារជើងឯកតោខៀវ Chelsea ត្រូវជួបជាមួយក្រុមជើងឯកបារាំង Lille ខណៈ Liverpool ជួបជើងឯកអ៊ីតាលី Inter Milan។ PSG ដែលដំបូងចាប់ឆ្នោតជួប Manchester United នោះចាប់លើកទី២ កាន់តែធ្ងន់ដោយត្រូវជួបជាក្រុមជើងឯកច្រើនសម័យកាលជាងគេ Real Madrid។ លទ្ធផលចាប់ឆ្នោតផ្សេងទៀតមាន៖ Sporting Lisbon ជួប Manchester City, Villarreal ជួប Juventus, Red Bull Salzburg ជួប Bayern Munich និង Benfica ជួប Ajax។ ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយនឹងចាប់ផ្តើមនៅខែកុម្ភៈឆ្នាំក្រោយ៕
អត្ថបទ៖នាង សុភាវុធ