ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអះអាងកាលពីថ្ងៃអង្គារ (១៣ ឧសភា) ថា ក្រសួងការពារជាតិរុស្ស៊ី កំពុងតែជ្រើសរើសទាហានក្នុងតួលេខជិតពីរដង ច្រើនជាងយោធារបស់ប្រទេសអ៊ុយក្រែន ក្នុងមួយខែៗ។

ថ្លែងនៅក្នុងកិច្ចប្រជុំវិមានក្រឹមឡាំងស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច លោក Putin បានលើកឡើងថា មនុស្សរហូតដល់ ៦០.០០០នាក់ "ស្ម័គ្រចិត្ត" ចូលរួមកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ជារៀងរាល់ខែ បើប្រៀបធៀបទៅនឹងអ្វីដែលលោកបានពិពណ៌នាថា មានជនជាតិអ៊ុយក្រែនចំនួន ៣០.០០០នាក់ ត្រូវបានបង្ខិតបង្ខំឱ្យបម្រើយោធាក្នុងរយៈពេលដូចគ្នា។

អាជ្ញាធររុស្ស៊ី បានលើកកម្ពស់យ៉ាងខ្លាំងនូវការជួលកងកម្លាំងយោធាចាប់តាំងពីឆ្នាំ២០២៣មក ដោយផ្តល់ប្រាក់ខែខ្ពស់ៗជាការលើកទឹកចិត្តដ៏សំខាន់។ នៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២២ លោក Putin បានបញ្ជាឱ្យមានការចល័តមួយផ្នែកនៃទាហានបម្រុងចំនួន ៣០០.០០០នាក់ ដើម្បីឆ្លើយតបនឹងការខាតបង់នៅសមរភូមិក្នុងប្រទេសអ៊ុយក្រែន។

ការលើកឡើងរបស់លោក Putin នេះបានកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីសាធារណរដ្ឋ Bashkortostan បានក្លាយជាតំបន់រុស្ស៊ីដំបូងគេ ដែលបង្ហាញជាសាធារណៈនូវចំនួនអ្នកស្លាប់នៅអ៊ុយក្រែន ដោយអាជ្ញាធរនៅទីនោះនិយាយថា ទាហានជាង ៥.០០០នាក់មកពីតំបន់នេះ ត្រូវបានសម្លាប់៕