អ្នកស្រី ចូវ សុធារ៉ា គ្រូបង្វឹកក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា និងកីឡាករ ហេង វុទ្ធី ម្ចាស់មេដាយមាស នៃការប្រកួតកីឡាចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នៅសិង្ហបុរី បានចាត់ទុកការប្រកួតប្រជែងជាមួយអត្តពលិកមកពីក្រៅតំបន់ គឺជារឿងដ៏ល្អមួយសម្រាប់ការត្រៀមលក្ខណៈប្រជែងមេដាយស៊ីហ្គេម លើកទី៣៣ នៅថៃ នាចុងឆ្នាំ២០២៥។
ការលើកឡើងនេះ បន្ទាប់ពីប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញ ក្រោយបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍ Southeast Asian & Invitation Championship 2025 កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ដោយនាំមកជាមួយនូវមេដាយសរុបចំនួន ៨គ្រឿង រួមមានមេដាយមាស ១ មេដាយប្រាក់ ៣ និងសំរឹទ្ធ ៤។
គ្រូបង្វឹក និងម្ចាស់មេដាយមាសដដែល បានឲ្យដឹងថា ការប្រកួតនេះ មានអត្តពលិកខ្លាំងៗជាច្រើន ទាំងអាស៊ាន ព្រមទាំងកីឡាករមកពីអូស្ដ្រាលី នូវែលហ្សេឡង់ និងឆាយនីតៃប៉ិជាដើម ដែលធ្វើឲ្យមានភាពស្វិតស្វាញ។ ការណ៍នេះ គឺជារឿងមួយដ៏ល្អ សម្រាប់ក្រុមកីឡាករ-កីឡារិនីកម្ពុជា បានវាស់ស្ទង់ និងអភិវឌ្ឍន៍សមត្ថភាពបន្ថែមកាន់តែប្រសើរ សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាចុងឆ្នាំ២០២៥ ខាងមុខ។
ទន្ទឹមជាមួយភាពជោគជ័យក្នុងការប្រកួតកម្រិតអន្ដរជាតិ ក្រោយប្រមូលផ្ដុំបាន ១ខែនេះ ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនី រហូតទទួលបានលទ្ធផលមួយដ៏ល្អប្រសើរ ហើយឯកឧត្តមក៏សង្ឃឹមថា នេះគឺជាការត្រៀមខ្លួនមួយដ៏ល្អ ក្នុងដំណើរឆ្ពោះទៅប្រជែងមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាចុងឆ្នាំនេះដែរ។
គួរដឹងថា កម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ១២រូប ចូលរួមប្រកួតកីឡាចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នៅសិង្ហបុរី ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា ដោយបេសកកម្មនេះ ទទួលបានការឧបត្ថម្ភគាំទ្ររបស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធ និងនាយកវិទ្យាស្ថានខេមអេដផងដែរ៕
អត្ថបទ លី ឈុនឡា, រូបភាព គង់ ហន ៕