មេដឹកនាំព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក លោក ឆាក់ ស៊ូមឺ(Chuck Schumer) កាលពីថ្ងៃអង្គារ ទី១៣ ខែឧសភា បានប្តេជ្ញាថានឹងរារាំងគ្រប់បេក្ខជនដែលត្រូវតែងតាំងដោយលោកប្រធានាធិបតី Donald Trump ទាំងអស់ចូលកាន់តំណែងនៅក្រសួងយុត្តិធម៌ រហូតដល់ទីភ្នាក់ងារនេះរាយការណ៍ពីអ្វីដែលខ្លួនដឹងអំពីអំណោយរបស់ប្រទេសកាតាក្នុងការផ្តល់ឱ្យរដ្ឋបាល របស់លោកTrump នូវយន្តហោះដែលមានតម្លៃ៤០០លានដុល្លារអាមេរិក។

លោក Trump បាននិយាយកាលពីថ្ងៃចន្ទថា វានឹងជារឿង «ឆោតល្ងង់» សម្រាប់លោកក្នុងការបដិសេធអំណោយយន្តហោះ Boeing 747-8 របស់ប្រទេសកាតា ដែលនឹងត្រូវបានប្រើប្រាស់សម្រាប់«Air Force One» របស់សហរដ្ឋអាមេរិក ជាយន្តហោះដែលប្រធានាធិបតីសហរដ្ឋអាមេរិកប្រើប្រាស់ដើម្បីធ្វើដំណើរទៅជុំវិញពិភពលោក។

យន្តហោះនេះ នឹងត្រូវផ្តល់ទៅឲ្យបណ្ណាល័យរបស់លោកប្រធានាធិបតី Trump។ លោក Schumer បាននិយាយសំដៅទៅលើរបាយការណ៍ដែលថារដ្ឋអាជ្ញាសហរដ្ឋអាមេរិក លោក Pam Bondi បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់យន្តហោះនោះ ដោយបានហៅវាថាជា «ការសម្រេចចិត្ត មិនសមស្រប»។

លោកបាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ព្រឹទ្ធសភាថា «រដ្ឋអាជ្ញា ត្រូវតែផ្តល់សក្ខីកម្មនៅចំពោះមុខទាំងសភា និងព្រឹទ្ធសភា ដើម្បីពន្យល់ពីមូលហេតុនៃការផ្តល់អំណោយដល់លោក Donald Trump នូវយន្តហោះឯកជនមួយគ្រឿង ដែលថាមិនបំពានលើប្រការនៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ដែលទាមទារឱ្យមានការព្រមព្រៀងពីសភា»។
ភាពចម្រូងចម្រាសជុំវិញអំណោយយន្តហោះកំពុងកើតមានឡើង ខណៈលោកប្រធានាធិបតី Trump ធ្វើទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអង្គារ ហើយបន្តមកនឹងត្រូវទៅកាន់ប្រទេសកាតា ដើម្បីធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅថ្ងៃពុធនេះ។