ស្នងការសេដ្ឋកិច្ចសហភាពអឺរ៉ុប លោក Valdis Dombrovskis បាននិយាយថា ការបន្ធូរបន្ថយភាពតានតឹងខាងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន គឺជាជំហានមួយក្នុងទិសដៅដ៏ត្រឹមត្រូវ និងជួយធ្វើឲ្យសហភាពអឺរ៉ុបធូរស្រាលក្នុងការហូរចូលដោយទំនិញរបស់ចិនដែលប្តូរទិសដៅពីទីផ្សារអាមេរិក។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុសហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ ទី១៣ ខែឧសភា លោក Dombrovskis បាននិយាយថា ការបញ្ចុះការដំឡើងពន្ធក្រោយកិច្ចពិភាក្សាកាលពីចុងសប្តាហ៍កន្លងទៅនេះនៅប្រទេសស្វីស គឺមានរយៈពេល៩០ថ្ងៃ ហើយអត្រាដំឡើងពន្ធដែលនៅសល់ នៅមានកម្រិតខ្ពស់នៅឡើយ។

លោកនិយាយថា «ជាក់ស្តែង នេះ កំពុងតែបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលកំពុងដំណើរការក្នុងទិសដៅត្រឹមត្រូវ ប៉ុន្តែបានកត់សំគាល់ថា ការដំឡើងពន្ធ ៣០% ដែលសហរដ្ឋអាមេរិកនឹងបន្តអនុវត្តចំពោះទំនិញរបស់ចិនក្នុងរយៈពេល៩០ថ្ងៃនេះ នៅតែជាកម្រិតក្នុងការដំឡើងពន្ធដ៏ខ្ពស់ » ។
លោក Dombrovskis បាននិយាយទៅកាន់សន្និសីទសារព័ត៌មានថា «ប៉ុន្តែជាការពិត វាអាចធ្វើឲ្យធូរស្រាលការព្រួយបារម្ភមួយចំនួនចំពោះពាណិជ្ជកម្មដែលយើងមាន។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen កាលពីថ្ងៃទី៨ ខែ មេសា បានជំរុញឲ្យប្រទេសចិន ធានាបានថា ទំនិញដែលពុំអាចចូលក្នុងសហរដ្ឋអាមេរិកបានដោយសារតែការដំឡើងពន្ធខ្ពស់ដោយការហាមឃាត់ នឹងមិនត្រូវបានបង្វែរទិសដៅទៅកាន់សហភាពអឺរ៉ុបឡើយ។