អតីតមន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំងមួយរូបបានប្រាប់កាសែត Washington Post ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និងមន្រ្តីជំនិតប្រធានាធិបតី លោក Yuri Ushakov នឹងធ្វើជាតំណាងរបស់រុស្ស៊ី ក្នុងការចូលរួមកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុល របស់ទួរគី នៅថ្ងៃព្រហស្បតិ៍ ទី១៥ ឧសភា។

ប្រភពដែលដឹងការរៀបចំនេះក៏បានប្រាប់ថា លោក Ushakov និងលោក Lavrov ទំនងជាដឹកនាំគណៈប្រតិភូរុស្ស៊ី ខណៈដែលលោកប្រធានាធិបតី Vladimir Putin មិនមានគម្រោងទៅចូលរួមកិច្ចចរចានេះទេ។ ប្រភពបានបន្តថា "សម្រាប់ពេលនេះ មានតែលោក Ushakov ដែលបានរំពឹងថានឹងចូលរួមកិច្ចចរចានៅទួរគី ហើយលោក Lavrov ក៏អាចនឹងចូលរួមជាមួយគ្នាដែរ ប៉ុន្តែនោះមិនទាន់ត្រូវបានសម្រេចច្បាស់នៅឡើយទេ"។

កាលពីចុងសប្តាហ៍មុន លោក Putin បានស្នើឱ្យបន្តការចរចាដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុល ដែលជាទីតាំងដូចគ្នានៃកិច្ចចរចាសន្តិភាពដំបូងក្នុងឆ្នាំ២០២២ ដែលក្រោយមកបានដួលរលំ។ វិមានក្រឹមឡាំងមិនបានបញ្ជាក់ទេថា តើមន្រ្តីរូបណានឹងជាផ្នែកនៃគណៈប្រតិភូរបស់ខ្លួន។

ក្រោយមក ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសថា លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសទួរគី នៅថ្ងៃទី១៥ ខែឧសភា ដើម្បីចូលរួមកិច្ចប្រជុំនោះ ប៉ុន្តែការិយាល័យរបស់លោកបានសង្កត់ធ្ងន់ថា មេដឹកនាំអ៊ុយក្រែនរូបនេះនឹងចរចាតែជាមួយលោក Putin ប៉ុណ្ណោះ៕