មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរុស្ស៊ីនិយាយថា ទីក្រុងមូស្គូមានបំណងពិភាក្សាអំពីតំបន់ចំនួន៤របស់អ៊ុយក្រែន ដែលខ្លួនអះអាងថាបានដាក់បញ្ចូលជាឧបសម្ព័ន្ធ ក្នុងកិច្ចចរចាដោយផ្ទាល់នាពេលខាងមុខ ជាមួយទីក្រុងគីវ។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារអំពីរបៀបវារៈសម្រាប់កិច្ចចរចាជាមួយអ៊ុយក្រែន។ ទីក្រុងមូស្គូ បានស្នើជាឯកតោភាគី រៀបចំកិច្ចប្រជុំនៅប្រទេសទួរគី នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។

លោក Ryabkov និយាយថា កិច្ចពិភាក្សានឹងផ្តោតលើការឈានដល់កិច្ចព្រមព្រៀងសន្តិភាពដោយនិរន្តរភាព ផ្អែកលើមូលដ្ឋានការពិត ជាពិសេសទឹកដីថ្មីរបស់រុស្ស៊ី។ រុស្ស៊ី បានប្រកាសជាឯកតោភាគីនូវការដាក់បញ្ចូលជាឧបសម្ព័ន្ធតំបន់ Donetsk និង Luhansk នៅភាគខាងកើតប្រទេសអ៊ុយក្រែន និង ទីក្រុងZaporizhzhia និង Kherson នៅភាគខាងត្បូង។
លោក Ryabkov បាននិយាយបន្ថែមថា រុស្ស៊ីបានត្រៀមខ្លួនដើម្បីចរចាដោយការទទួលខុសត្រូវ និងហ្មត់ចត់ ប៉ុន្តែបាននិយាយថា អ៊ុយក្រែនទំនងជាពុំមានឆន្ទៈក្នុងការចរចាទេ។
ប្រភពការទូតរបស់លោកខាងលិចនៅទីក្រុងមូស្គូ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ NHK ថា ប្រធានាធិបតី លោក Vladimir Putin មិនទំនងជាចូលរួមក្នុងការចរចានាពេលខាងមុខនេះទេ។ ប្រភពនេះនិយាយថា រុស្ស៊ី និងអ៊ុយក្រែន ទំនងជាដោះស្រាយការចរចាក្នុងកម្រិតការងារ។