អ្នកចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ការបិទផ្លូវដឹកជញ្ជូនជំនួយចូលទៅដល់តំបន់ហ្កាហ្សាស្ទ្រីប ខណៈអ៊ីស្រាអែលនិងសហរដ្ឋអាមេរិក បាននិយាយថា យន្តការថ្មីដើម្បីដឹកជញ្ជូនជំនួយទៅដល់ជនស៊ីវិល គឺចាំបាច់។

លោក Tom Fletcher ប្រធានការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ ឬ OCHA បាននិយាយទៅកាន់កិច្ចប្រជុំកាលពីថ្ងៃអង្គារថា ស្បៀងអាហារ ឱសថ និងសម្ភារៈចាំបាច់ផ្សេងៗទៀត ពុំត្រូវបានដឹកជញ្ជូនចូលទៅកាន់តំបន់ហ្កាហ្សារយៈពេលជាង១០សប្តាហ៍មកហើយ។ លោកនិយាយបន្តថា អ្នកស្រុកគ្រប់គ្នានៅហ្កាហ្សាបច្ចុប្បន្ននេះប្រឈមគ្រោះទុរ្ភិក្ស។

ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំអង្គការសហប្រជាជាតិ លោកស្រី Barbara Woodward បាននិយាយថា «ស្បៀងរាប់តោន បច្ចុប្បន្នបានខូចនៅព្រំដែន ដែលត្រូវបានរារាំងមិនឱ្យចូលទៅដល់ពលរដ្ឋដែលកំពុងស្រេកឃ្លាន។ នេះគឺអំពើដ៏ឃោរឃៅ ហើយវាមិនអាចលើកលែងទោសឲ្យបានឡើយ»។ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Danny Danon បានអះអាងថា ជំនួយដែលត្រូវបានដាក់ស្លាកសម្គាល់ដោយអង្គការសហប្រជាជាតិ គឺត្រូវបានប្រើប្រាស់ «ដើម្បីចិញ្ចឹម» ភេរវករ។ លោកនិយាយថា «អ៊ីស្រាអែល នឹងមិនអនុញ្ញាតឱ្យបន្តទៀតឡើយ» ខណៈប្រទេសរបស់លោកកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតយន្តការចែកចាយជំនួយថ្មី។ ឯកអគ្គរដ្ឋទូតស្តីទីសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Dorothy Shea ក៏បាននិយាយទៅកាន់កិច្ចប្រជុំថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានធ្វើការជាមួយអ៊ីស្រាអែល ដើម្បីអនុញ្ញាតឱ្យមានមូលនិធិឯកជនថ្មី ដើម្បីផ្តល់ជំនួយដល់ «ជនស៊ីវិល ពុំមែនក្រុមហាម៉ាសទេ»។ ប៉ុន្តែអង្គការសហប្រជាជាតិ បានច្រានចោលសំណើនេះ ដោយនិយាយថាគំនិតរបស់អ៊ីស្រាអែលដើម្បី «ដឹកជញ្ជូនការផ្គត់ផ្គង់ជំនួយមនុស្សធម៌ តាមរយៈមជ្ឈមណ្ឌលដែលគ្រប់គ្រងដោយយោធា នឹងជាការរំលោភលើគោលការណ៍ស្នូលនៃការដឹកជញ្ជូនជំនួយដោយអព្យាក្រឹតភាព មិនលំអៀង និងឯករាជ្យ»។