ក្រុម Al-Quds ដែលជាស្លាបប្រដាប់អាវុធនៃចលនាជីហាតអ៊ីស្លាម បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានបើកការវាយប្រហារដោយរ៉ូកែតទៅលើទីក្រុងជាច្រើនរបស់អ៊ីស្រាអែល ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើមន្ទីរពេទ្យអឺរ៉ុបហ្កាហ្សា(Gaza European Hospital) ក្នុងទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្កាហ្សា។

ក្រុម al-Quds បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងបានវាយប្រហារលើក្រុង Ashdod, Ashkelon, Sderot និងទីតាំងលំនៅរបស់អ៊ីស្រាអែលដែលនៅជាប់តំបន់ហ្កាហ្សា ដោយការបាញ់ស្រោចគ្រាប់រ៉ូកែត ក្នុងការឆ្លើយតបទៅនឹងការសម្លាប់រង្គាលរបស់អ៊ីស្រាអែលលើប្រជាជនប៉ាឡេស្ទីនរបស់យើង»។ ប្រភពមួយបាននិយាយថា ការវាយប្រហារនេះ មានគោលបំណងបង្ហាញពី «សមត្ថភាពរបស់ក្រុមអ្នកប្រឆាំង ក្នុងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល»។

បន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ូកែត កងកម្លាំងការពារអ៊ីស្រាអែល(IDF) បានបញ្ជាឱ្យប្រជាជនទីក្រុង Jabalia ជំរំជនភៀសខ្លួន និងសង្កាត់នៅជុំវិញផ្សេងទៀតនៅហ្កាហ្សាភាគកណ្តាល ឱ្យជម្លៀសខ្លួនចេញជាបន្ទាន់ មុនពេលការវាយប្រហាររបស់អ៊ីស្រាអែល។