ប្រទេសចិន និងសហរដ្ឋអាមេរិក បានកាត់បន្ថយអត្រាពន្ធ លើទំនិញរបស់គ្នាទៅវិញទៅមករយៈពេល ៩០ថ្ងៃ នៅថ្ងៃពុធ (១៤ ឧសភា) បន្ទាប់ពីផ្អាកជាបណ្តោះអាសន្ននូវសង្គ្រាមពាណិជ្ជកម្មដ៏តានតឹងខ្លាំង ជាអ្វីដែលបានធ្វើឲ្យទីផ្សារពិភពលោក និងខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិច្របូកច្របល់។
ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បានឈានដល់ការព្រមព្រៀងគ្នាកាត់បន្ថយកម្រិតពន្ធខ្ពស់កប់ពពក នៅក្នុងកិច្ចព្រមព្រៀងដែលកើតចេញពីកិច្ចពិភាក្សាដ៏មានសារៈសំខាន់ កាលពីចុងសប្តាហ៍កន្លងមក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអង្គារ (១៣ ឧសភា) លើទូរទស្សន៍ Fox News ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ឥឡូវនេះ មាននូវផែនការលម្អិត សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម «ដ៏រឹងមាំខ្លាំងណាស់» ជាមួយប្រទេសចិន ជាអ្វីដែលនឹងធ្វើឲ្យសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំង «បើកចំហ» សម្រាប់អាជីវកម្មអាមេរិក។
នៅលើយន្តហោះ Air Force One ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ការចាប់ផ្ដើមទសន្សកិច្ច នៅរដ្ឋឈូងសមុទ្ររបស់លោក លោក Trump បានប្រាប់ទូរទស្សន៍អាមេរិកថា៖ «យើងមានកិច្ចព្រមព្រៀងដ៏រឹងមាំខ្លាំងណាស់ជាមួយចិន។ ប៉ុន្តែផ្នែកដ៏គួរឲ្យរំភើបបំផុតនៃកិច្ចព្រមព្រៀងនេះ នោះគឺជាការបើកចំហរបស់ចិនចំពោះអាជីវកម្មរបស់អាមេរិក»។
គួរបញ្ជាក់ថា លោក Trump បានបង្កការរំខានដល់ពាណិជ្ជកម្មអន្តរជាតិជាមួយនឹងអត្រាពន្ធដ៏ធ្ងន់ធ្ងររបស់លោក នៅទូទាំងប្រទេសសេដ្ឋកិច្ចធំៗជាច្រើន ដោយប្រទេសចិនប៉ះពាល់ខ្លាំងជាងគេបំផុត។ ដោយមិនមានឆន្ទៈគេចពីវិធានការនេះ ទីក្រុងប៉េកាំងបានឆ្លើយតប ដោយការដាក់ពន្ធសងសឹកដែលនាំឲ្យកម្រិតពន្ធលើភាគីទាំង២ ឡើងលើស ១០០ភាគរយ។
បន្ទាប់ពីភាគហ៊ុនខាតបង់រាប់ពាន់លាន ហើយអាជីវកម្មរងផលប៉ះពាល់ ទីបំផុត ការចរចាបានចាប់ផ្ដើមដំណើរការកាលពីចុងសប្តាហ៍ នៅទីក្រុងហ្សឺណែវ រវាងប្រទេសមហាអំណាចពាណិជ្ជកម្មពិភពលោកទាំង២ ដើម្បីស្វែងរកច្រកចេញពីភាពជាប់គាំង។ នៅក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកបានយល់ព្រមកាត់បន្ថយពន្ធលើទំនិញចិនមកត្រឹម ៣០ភាគរយ ខណៈដែលចិននឹងកាត់បន្ថយមកត្រឹម ១០ភាគរយ ពោលគឺធ្លាក់ចុះជាង ១០០ភាគរយ។ ការកាត់បន្ថយនេះបានចូលជាធរមាន ក្រោយពាក់កណ្តាលអធ្រាត្រថ្ងៃពុធ តាមពេលវេលាម៉ោងនៅទីក្រុងវ៉ាស៊ីនតោន៕
