ក្រុមគ្រូពេទ្យបឋម និយាយនៅថ្ងៃពុធនេះថា កងកម្លាំងអ៊ីស្រាអែល បានបង្កើនការវាយប្រហាររបស់ពួកគេលើតំបន់ហ្កាហ្សា ដោយបានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ៦៥នាក់ ចាប់តាំងពីពាក់កណ្តាលយប់រំលងអធ្រាត្រ ហើយជនរងគ្រោះទាំងអស់នោះ រួមទាំងមនុស្ស ៤៥នាក់ ដែលត្រូវបានសម្លាប់នៅតំបន់ភាគខាងជើងហ្កាហ្សា ។
រុស្ស៊ី ចិន និងចក្រភពអង់គ្លេស បានច្រានចោលផែនការរបស់សហរដ្ឋអាមរិក-អ៊ីស្រាអែល សម្រាប់ការចែកចាយជំនួយនៅតំបន់ហ្កាហ្សា តែផ្ទុយទៅវិញពួកគេបានជំរុញឲ្យអ៊ីស្រាអែលដកចេញការបិទច្រករយៈពេល ២ខែរបស់ខ្លួនលើតំបន់ហ្កាហ្សា ។

យោងតាមការអះអាងរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA) បានឲ្យដឹងថា គ្រួសារប៉ាឡេស្ទីន ៧៥ភាគរយនៅតំបន់ហ្កាហ្សានិយាយថា ស្របពេលស្ថាន អនាម័យកាន់តែអាក្រក់ទៅ ពួកគេមានទឹកតិចតួចប៉ុណ្ណោះ អស់រយៈពេលជាង ១ខែមកហើយ ។
ទីភ្នាក់ងារ UNRWA និយាយថា ពួកគេកំពុងធ្វើការជួសជុលអណ្តូងខូច ដោយប្រើប្រាស់គ្រឿងបង្គំកែឆ្នៃ និងប្រើប្រាស់ឡើងវិញ ស្របពេលដែលការបិទច្រកទាំងស្រុងរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សានៅតែបន្ត ។
ខណៈពេលនោះដែរ កិច្ចចរចាបទឈប់បាញ់ គ្រោងនឹងបន្តនៅទីក្រុងដូហា ប្រទេសកាតា នាថ្ងៃពុធនេះ ។ ក្រុមមន្រ្តីអ៊ីស្រាអែល និងក្រុមមន្រ្តីហាម៉ាស នឹងចូលរួមកិច្ចប្រជុំដោយផ្ទាល់ជាមួយក្រុមអ្នកសម្របសម្រួលពីអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក ។
សហរដ្ឋអាមេរិកត្រូវបានតំណាងដោយប្រេសិតពិសេសលោក Steve Witkoff ហើយនិងប្រេសិតពិសេសចំណាប់ថ្នូរលោក Adam Boehler ដែលធ្វើដំណើរទៅកាន់ទីក្រុងដូហា ក្រោយជំនួបជាមួយក្រុមគ្រួសារចំណាប់ថ្នូរនៅទីក្រុង Tel Aviv កាលពីថ្ងៃអង្គារ ៕

