ប្រធានាធិបតីអាមេរិកលោក Donald Trump គ្រោងនឹងជួបប្រធានាធិបតីស៊ីរី នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃពុធ (ទី១៤ ខែឧសភា) នេះ បន្ទាប់ពីបានផ្ដល់នូវការភ្ញាក់ផ្អើល ដោយការប្រកាសថា សហរដ្ឋអាមេរិកនឹងដកទណ្ឌកម្មទាំងអស់ពីរដ្ឋាភិបាលដែលដឹកនាំដោយក្រុមឥស្លាមនិយម ទោះបីជានៅតែមានក្ដីបារម្ភ អំពីទំនាក់ទំនងកាលពីអតីតរបស់មេដឹកនាំប្រទេសនេះជាមួយក្រុមអាល់កៃដាក៏ដោយ។
ទោះបីជាមានកង្វល់ នៅក្នុងរង្វង់ផ្នែកជាច្រើននៃរដ្ឋបាលរបស់លោកក៏ដោយ ក៏លោក Trump បាននិយាយកាលពីថ្ងៃអង្គារ (ទី១៣ ខែឧសភា) អំឡុងពេលថ្លែងសុន្ទរកថានៅទីក្រុងរីយ៉ាដថា លោកនឹងដកទណ្ឌកម្មដែលដាក់លើប្រទេសស៊ីរី។ ប្រធានាធិបតីអាមេរិកបានយល់ព្រមនិយាយពាក្យស្វាគមន៍ទៅកាន់ប្រធានាធិបតីបណ្តោះអាសន្នស៊ីរី លោក Ahmed al-Sharaa ដែលនឹងមានវត្តមាននៅទីក្រុងរីយ៉ាដ សម្រាប់កិច្ចប្រជុំជាមួយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។

សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក គឺអ៊ីស្រាអែល បានជំទាស់នឹងការបន្ធូរបន្ថយទណ្ឌកម្ម ចំពោះស៊ីរី ប៉ុន្តែលោក Trump កាលពីថ្ងៃអង្គារ បាននិយាយថា រជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman និងប្រធានាធិបតីទួរគី លោក Tayyip Erdogan ដែលឥស្សរជនទាំង ២រូប មានភាពស្និទ្ធស្នាលនឹងប្រធានាធិបតីសហរដ្ឋអាមេរិក បានជំរុញឲ្យលោកថ្វើចំណាត់ការនេះ។
មុនពេលលោកចេញដំណើរទៅទីក្រុងដូហា ប្រទេសកាតា នៅយប់ថ្ងៃពុធនេះ ការប្រាស្រ័យទាក់ទងរបស់លោកជាមួយលោក Sharaa អតីតមេបញ្ជាការរបស់ក្រុមអាល់កៃដាដែលដឹកនាំកងកម្លាំងក្រុមឧទ្ទាមផ្តួលរំលំអតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad ក្នុងខែធ្នូឆ្នាមុន នឹងត្រូវបានតាមមើលយ៉ាងដិតដល់ ខណៈដែលអ្នកសង្កេតការណ៍វាយតម្លៃពីកម្រិតដែលទីក្រុងវ៉ាស៊ីនតោនមានភាពប្រាកដប្រជា ចំពោះការស្តារទំនាក់ទំនងឡើងវិញជាមួយទីក្រុងដាម៉ាស។ លោក Sharaa បានផ្ដាច់ទំនាក់ទំនងជាមួយក្រុមអាល់កៃដាក្នុងឆ្នាំ២០១៦៕
