អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ក្នុងពេលដែលអ៊ីស្រាអែលបន្តអនុវត្តការរាំងខ្ទប់លើជនជាតិប៉ាឡេស្ទីន ២លាននាក់នោះ ភាពអត់ឃ្លាននៅក្នុងតំបន់ហ្កាហ្សា អាចជះឥទ្ធិពលយូរអង្វែងដល់ «មនុស្សមួយជំនាន់ទាំងមូល» តែម្ដង។
យុទ្ធនាការយោធារបស់ IDF (កងកម្លាំងការពារជាតិអ៊ីស្រាអែល) ប្រឆាំងនឹងក្រុមហាម៉ាស បានធ្វើឲ្យមនុស្សកន្លះលាននាក់នៅទីនោះ ប្រឈមនឹងភាបអត់ឃ្លាន ដោយអ្នកស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរជាពិសេស គឺកុមារ។
តំណាងអង្គការសុខភាពពិភពលោក ប្រចាំដែនដីកាន់កាប់ប៉ាឡេស្ទីន លោក Rik Peeperkorn បាននិយាយកាលពីថ្ងៃអង្គារ (១៣ ឧសភា) ថា៖ «ខ្ញុំបានឃើញក្មេងអាយុ ៥ឆ្នាំ តែអ្នកនឹងនិយាយថា ក្មេងនោះទើបមានអាយុ ២ឆ្នាំកន្លះ»។

តួលេខពីក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសរបស់តំបន់ហ្កាហ្សា បង្ហាញថា កុមារចំនួន ៥៥នាក់ បានបាត់បង់ជីវិតដោយសារកង្វះអាហារូបត្ថម្ភស្រួចស្រាល់។
ការព្រមានរបស់អង្គការសុខភាពពិភពលោកនេះ កើតមានឡើងនៅពេលដែលលោក Donald Trump កំពុងស្ថិតនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃរបស់លោក នៅតំបន់មជ្ឈិមបូព៌ា និងបន្ទាប់ពីមានការដោះលែងចំណាប់ថ្នូរសញ្ជាតិ ២ អាមេរិក-អ៊ីស្រាអែលឈ្មោះ Edan Alexander កាលពីថ្ងៃចន្ទ។
លោក Peeperkorn បានបន្តថា៖ «បើគ្មានអាហារបំប៉នគ្រប់គ្រាន់ ទឹកស្អាត និងលទ្ធភាពទទួលបានការថែទាំសុខភាព ជំនាន់មនុស្សទាំងមូលនឹងរងផលប៉ះពាល់គ្មានទីបញ្ចប់»។ លោកបានបន្ថែមថា កុមារដែលធំធាត់ឡើង នៅតំបន់ហ្កាហ្សា អាចធ្វើឲ្យការលូតលាស់របស់ពួកគេក្រិន ហើយការអភិវឌ្ឍការយល់ដឹងរបស់ពួកគេចុះខ្សោយ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានអនុវត្តការរាំងខ្ទប់ នៅតំបន់ហ្កាហ្សា ជាកិច្ចប្រឹងប្រែង ដើម្បីដាក់សម្ពាធលើក្រុមហាម៉ាស ដែលខ្លួនបានស្តីបន្ទោសថា បានបង្កឲ្យមានភាពអត់ឃ្លានដោយការលួចជំនួយ សម្រាប់ជនស៊ីវិល។ ក្រុមហាម៉ាសបដិសេធការចោទប្រកាន់នេះ៕
