ឧបនាយករដ្ឋមន្ត្រីទី១ កាលពីថ្ងៃអង្គារ (ទី១៣ ខែឧសភា) បាននិយាយថា ប្រទេសអ៊ុយក្រែន បានបញ្ចប់សព្វគ្រប់នូវនីតិវិធីនានា សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ស្តីពីការរុករករ៉ែ ក្នុងនោះរួមទាំងប្រតិបត្តិការនៃមូលនិធិវិនិយោគផងដែរ។

លោកស្រី Yulia Svyrydenko បានផ្តល់ព័ត៌មានលម្អិតមួយចំនួន អំពីជំហានចុងក្រោយបង្អស់ ដើម្បីទទួលបានការអនុម័ត ចំពោះកិច្ចព្រមព្រៀងនេះ ដែលត្រូវបានគាំទ្រដោយប្រធានាធិបតីអាមេរិក លោក Donald Trump ប៉ុន្តែគេដឹងថា ឯកសារចំនួន២ ត្រូវបានរៀបចំឡើង ជាផ្នែកនៃការអនុវត្តរបស់កិច្ចព្រមព្រៀងនេះ។
តាមរយៈការសរសេររៀបរាប់ជាភាសាអង់គ្លេសនៅលើបណ្ដាញសង្គម លោកស្រី Svyrydenko បានលើកឡើងថា៖ «ជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត នៅលើផ្លូវឆ្ពោះទៅរកការបើកដំណើរការមូលនិធិវិនិយោគកសាងឡើងវិញសហរដ្ឋអាមេរិក-អ៊ុយក្រែន នោះគឺ អ៊ុយក្រែនបានបញ្ចប់សព្វគ្រប់នូវនីតិវិធីចាំបាច់ទាំងអស់តាមការកំណត់»។
លោកស្រីបានបញ្ជាក់បន្ថែមថា ឯកសារបញ្ជាក់ការបញ្ចប់ដំណើរការនេះ ត្រូវបានប្រគល់ទៅឲ្យភារធារីបណ្តោះអាសន្នរបស់សហរដ្ឋអាមេរិក លោកស្រី Julie Davis។
គួរបញ្ជាក់ថា បន្ទាប់ពីមានការចរចាដ៏តានតឹងជាច្រើនសប្តាហ៍ ក្រោយកើតហេតុការណ៍ដំឡើងសំឡេងដាក់គ្នា រវាងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy និងលោក Trump នៅក្នុងការិយាល័យប្រធានាធិបតីអាមេរិក Oval Office លោកស្រី Svyrydenko បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ នៅទីក្រុងវ៉ាស៊ីនតោន ហើយវាត្រូវបានផ្តល់សច្ចាប័នកាលពីសប្តាហ៍មុនដោយសភាអ៊ុយក្រែន៕

