ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានសង្កត់ធ្ងន់កាលពីថ្ងៃអង្គារថា ប្រជាជនអឺរ៉ុបនឹង «គ្មានការទទួលខុសត្រូវ» ប្រសិនបើពួកគេបរាជ័យក្នុងការរៀបចំសម្រាប់ឯករាជ្យភាពជាយុទ្ធសាស្ត្រពីសហរដ្ឋអាមេរិក ក្នុងរយៈពេល ៥ទៅ ១០ឆ្នាំ ខាងមុខ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍សាធារណៈបារាំង TF1 លោក ម៉ាក្រុង បាននិយាយថា ដោយសារតែគោលនយោបាយ «America First» យ៉ាងជាប់លាប់ ផលប្រយោជន៍របស់សហរដ្ឋអាមេរិក នឹងកាន់តែតិចទៅៗសម្រាប់អឺរ៉ុប។

លោកបានចង្អុលបង្ហាញពីគំរូយ៉ាងច្បាស់លាស់នៃការផ្តាច់ខ្លួនរបស់អាមេរិកពីសម្ព័ន្ធមិត្តអឺរ៉ុប ក្នុងរយៈពេល ១៥ឆ្នាំ កន្លងទៅ។ ការផ្តាច់ខ្លួននេះ បានចាប់ផ្តើម «នៅពេលដែលសហរដ្ឋអាមេរិកសម្រេចចិត្ត មិនចូលរួមជាមួយយើង នៅក្នុងប្រទេសស៊ីរី នៅពេលដែលប្រទេសនេះ បានដកខ្លួនជាឯកតោភាគីពីអាហ្វហ្គានីស្ថាន ហើយអាចត្រូវបានគេមើលឃើញថា នៅក្នុងប៉ុន្មានខែថ្មីៗនេះ ដោយសំដៅលើពន្ធគយដែលដាក់ដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump)។
ដោយហៅបរិយាកាសពិភពលោកបច្ចុប្បន្នថា ជា «ពេលវេលានៃការបង្កើនការយល់ដឹងពីភូមិសាស្ត្រនយោបាយ» លោក ម៉ាក្រុង បានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបដែលដើមឡើយត្រូវបានសាងសង់ ជាគម្រោងសម្រាប់សន្តិភាព ឥឡូវនេះ ត្រូវតែប្រឈមនឹងបញ្ហាដែលនៅសេសសល់ មិនទាន់បានដោះ ស្រាយ។
នៅពេលត្រូវបានសួរអំពីរបៀបដែលអឺរ៉ុបគួរឆ្លើយតបចំពោះពន្ធគយរបស់សហរដ្ឋអាមេរិក លោក ម៉ាក្រុង បានប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសង្គ្រាមពាណិជ្ជកម្ម ប៉ុន្តែបានគូសបញ្ជាក់ពីការដោះស្រាយរបស់អឺរ៉ុប។ លោកបានថ្លែងថា៖«យើងនៅទីនេះ ហើយយើងនឹងតស៊ូដល់ទីបញ្ចប់»។
