លេខាធិការដ្ឋានទំនាក់ទំនងបរទេសរបស់ប្រទេសម៉ិកស៊ិក បានប្រាប់ឲ្យដឹងថា ចំនួនជនអន្តោប្រវេសន៍ម៉ិកស៊ិកដែលបានស្លាប់ពេលឆ្លងដែនចូលសហរដ្ឋអាមេរិកដោយខុសច្បាប់ បានកើនឡើងទ្វេដង គិតចាប់តាំងពីលោកប្រធានាធិបតី Donald Trump ឡើងកាន់តំណែង។

ស្ថាប័ននេះបានលើកឡើងថា ជនជាតិម៉ិកស៊ិក ១៨១នាក់ បានបាត់បង់ជីវិត ក្នុងអំឡុងពេល ៤ខែដំបូងនៃឆ្នាំនេះ ពោលគឺច្រើនជាង ២ដង បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ មានអ្នកស្លាប់ ៨១នាក់ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៤។ អ្នកតស៊ូមតិ សម្រាប់ជនអន្តោប្រវេសន៍ បានបន្ទោសការស្លាប់នេះថា មកពីការខ្វះខាតផ្លូវប្រពៃណី ដើម្បីចូលទៅកាន់សហរដ្ឋអាមេរិក។
លោក Pedro Rios នៃគណៈកម្មាធិការសេវាកម្មមិត្តអាមេរិកដែលមានមូលដ្ឋាននៅទីក្រុង San Diego សហរដ្ឋអាមេរិក បាននិយាយថា៖ «វាទាក់ទងនឹងគោលនយោបាយដែលបិទលទ្ធភាពនៃការសុំសិទ្ធជ្រកកោនណាមួយ។ នរណាម្នាក់ដែលជាធម្មតានឹងបង្ហាញខ្លួននៅច្រកចូលនៃប្រទេសទាំង២ ឱកាសនោះលែងមានទៀតហើយ សម្រាប់ពួកគេ ហេតុដូច្នេះ វាបង្ខំឲ្យពួកគេស្វែងរកមធ្យោបាយដ៏គ្រោះថ្នាក់ខ្លាំង ដើម្បីឆ្លងដែនចូលសហរដ្ឋអាមេរិក»។
ជាមួយគ្នានេះ លោក Rios ក៏បានស្តីបន្ទោសគោលនយោបាយដែលបាននាំឲ្យមាន «យោធានៅព្រំដែន» ហើយនិយាយថា មានតែអ្នករត់ពន្ធប៉ុណ្ណោះដែលទទួលបានប្រយោជន៍ពីការអនុវត្តនេះ។
មនុស្ស ៥នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីឧប្បត្តិហេតុរត់ពន្ធមនុស្សដែលបណ្ដាលឲ្យមានអ្នកស្លាប់ នៅឆ្នេរ San Diego ខណៈក្មេងស្រីនៅតែបាត់ខ្លួន។ កាលពីខែមករា លោក Trump បានបញ្ជាឲ្យបុគ្គលិកកាតព្វកិច្ចសកម្មទៅកាន់ព្រំដែន ដើម្បីជួយដល់បេសកកម្មគាំទ្រ នៅរដ្ឋកាលីហ្វ័រញ៉ា និងតិចសាស់។ មនុស្ស ៨៧នាក់ត្រូវបានចោទប្រកាន់ពីបទឆ្លងដែនចូលខុសច្បាប់ទៅក្នុងតំបន់ទ្រនាប់យោធាថ្មីរបស់រដ្ឋតិចសាស់៕

