រដ្ឋាភិបាលតាលីបង់ បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានត្រៀមខ្លួនជាស្រេចសម្រាប់ «កិច្ចពិភាក្សា» ជាមួយនឹងរដ្ឋបាលលោក ដូណាល់ ត្រាំ អំពីការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ដែលការការពារផ្លូវច្បាប់ នៅសហរដ្ឋអាមេរិក នឹងត្រូវបានបញ្ចប់ នៅខែកក្កដា។
ដោយលើកឡើងពីស្ថានភាពសន្តិសុខដែលប្រសើរឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ទីក្រុងវ៉ាស៊ីនតោន បានប្រកាសកាលពីថ្ងៃចន្ទថា រយៈពេលឋានៈការពារបណ្តោះអាសន្ន (TPS) សម្រាប់អាហ្វហ្គានីស្ថាន នឹងផុតកំណត់ នៅថ្ងៃទី ២០ ខែឧសភា ហើយការបញ្ចប់ឋានៈការពារនេះ នឹងចូលជាធរមាន នៅថ្ងៃទី ១២ ខែកក្កដា។

លោក Abdul Qahar Balkhi អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយនៅលើបណ្តាញសង្គម Xថា ទីក្រុងកាប៊ុល បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមកិច្ចសន្ទនាក្នុងន័យស្ថាបនា ជាមួយសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតទាក់ទងនឹងការធ្វើមាតុភូមិនិវត្តន៍របស់ជនជាតិអាហ្វហ្គានីស្ថាន ដែលលែងបំពេញតាមលក្ខណៈវិនិច្ឆ័យ ដើម្បីបន្តនៅក្នុងប្រទេសម្ចាស់ផ្ទះ តទៅទៀតនោះ។
រដ្ឋាភិបាលតាលីបង់ បានផ្តល់ការធានារួចហើយថា ជនជាតិអាហ្វហ្គានីស្ថានដែលបានភៀសខ្លួនចេញពីប្រទេសនេះ ខណៈដែលក្រុមនេះបានត្រឡប់មកកាន់អំណាចវិញ ក្នុងឆ្នាំ ២០២១ អាចវិលត្រឡប់មកវិញដោយសុវត្ថិភាព។
ទោះបីជាយ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិបានរាយការណ៍ករណីប្រហារជីវិត និងការបាត់ខ្លួន។
អាជ្ញាធរតាលីបង់ ក៏បានអនុញ្ញាតឲ្យស្ត្រីទទួលបានការអប់រំ ការងារ និងជីវិតសាធារណៈ ចាប់តាំងពីឆ្នាំ ២០២១ ដោយបង្កើតនូវអ្វីដែលអង្គការសហប្រជាជាតិហៅថា «ការរើសអើងភេទ»។
