ក្រសួងការបរទេសរបស់ប្រទេសបារាំង នៅថ្ងៃពុធ (ទី១៤ ខែឧសភា) នេះ បានកោះអញ្ជើញអ្នកការទូតជាន់ខ្ពស់របស់អាល់ហ្សេរីម្នាក់ ដើម្បីប្រាប់ថា ទីក្រុងប៉ារីសកំពុងបណ្តេញមន្ត្រីអាល់ហ្សេរីដែលកាន់លិខិតឆ្លងដែនការទូតដោយគ្មានទិដ្ឋាការ ជាវិធានការឆ្លើយតបទៅនឹងការសម្រេចរបស់អាល់ហ្សេរី ក្នុងការបណ្តេញមន្ត្រីបារាំងចំនួន ១៥នាក់។
បន្ទាប់ពីកោះហៅភារធារីនៃប្រទេសអាល់ហ្សេរី ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ប្រទេសបារាំងរក្សាសិទ្ធិចាត់វិធានការបន្ថែម ដែលអាស្រ័យលើថា តើស្ថានភាពវិវត្តទៅជាយ៉ាងណា»។ តែយ៉ាងណាក្ដី ក្រសួងមិនបានប្រាប់ឲ្យដឹងថា តើមនុស្សប៉ុន្មាននាក់ត្រូវបានបណ្តេញចេញនោះទេ។

ទំនាក់ទំនងរបស់បារាំងជាមួយអតីតប្រទេសក្រោមអាណានិគមរបស់ខ្លួន មានភាពស្មុគស្មាញជាយូរមកហើយ ប៉ុន្តែបានមានស្ថានភាពកាន់តែអាក្រក់ឡើងៗ កាលពីឆ្នាំមុន នៅពេលដែលប្រធានាធិបតីបារាំង លោក Emmanuel Macron ធ្វើឲ្យអាល់ហ្សេរីខឹងសម្បា ដោយការគាំទ្រជំហររបស់ម៉ារ៉ុកលើតំបន់សាហារ៉ាខាងលិចដែលមានជម្លោះ។
មានការផ្សះផ្សាភាពតានតឹងរយៈពេលខ្លីដែរ កាលពីខែមុន បន្ទាប់ពីលោក Barrot បានទៅបំពេញទស្សនកិច្ចនៅទីក្រុង Algiers ប៉ុន្តែមួយសប្តាហ៍ក្រោយមក ការបណ្តេញការទូតសងសឹកគ្នា បានធ្វើឲ្យទំនាក់ទំនងកាន់តែតានតឹងឡើងវិញ។
នៅថ្ងៃពុធនេះ រដ្ឋមន្ត្រីការបរទេស លោក Jean-Noel Barrot បានប្រាប់ទូរទស្សន៍ BFM ថា ទំនាក់ទំនងឥឡូវនេះ «ត្រូវបានបិទទាំងស្រុង»៕
