កងទ័ពអ៊ីស្រាអែលនៅថ្ងៃពុធនេះ បានជំរុញឲ្យប្រជាជនយេម៉ែននៅឲ្យឆ្ងាយពីកំពង់ផែដែលកាន់កាប់ដោយក្រុមហ៊ួទី ក្នុងការព្រមានដែលទំនងជាការសងសឹក បន្ទាប់ពីខ្លួនបានស្ទាក់ចាប់មីស៊ីលដែលបាញ់ដោយក្រុមឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់។
ក្រុមហ៊ួទីដែលនិយាយថា ពួកគេកំពុងធ្វើសកម្មភាព ក្នុងសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន បានកំណត់គោលដៅម្តងហើយម្តងទៀតលើអ៊ីស្រាអែលនិងការដឹកជញ្ជូននៅក្នុងសមុទ្រក្រហម ចាប់តាំងពីការចាប់ ផ្តើមនៃសង្រ្គាម នៅខែតុលា ឆ្នាំ ២០២៣ រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប។

យោធាអ៊ីស្រាអែល បាននិយាយថា៖«បន្ទាប់ពីសំឡេងស៊ីរ៉ែនដែលបន្លឺឡើងភ្លាមៗ ក្នុងតំបន់ជាច្រើន ក្នុងប្រទេសអ៊ីស្រាអែល មីស៊ីលដែលបាញ់ចេញពីប្រទេសយេម៉ែន ត្រូវបានស្ទាក់ចាប់បាន»។
អ្នកឆ្លើយឆ្លងព័ត៌មាន AFP នៅទីក្រុងហ្ស៊េរុយសាឡឹម បានឮសំឡេងផ្ទុះ ដែលទំនងជាមកពីការស្ទាក់ចាប់មីស៊ីលនោះ។
ក្រុមហ៊ួទីដែលគ្រប់គ្រងតំបន់ដ៏ធំនៃប្រទេសឧបទ្វីបអារ៉ាប់ បានអះអាងទទួលខុសត្រូវចំពោះការបាញ់មីស៊ីលនេះ នៅក្នុងអ្វីដែលពួកគេ បាននិយាយថា គឺជាការវាយប្រហារលើកទី៣ ទៅលើអ៊ីស្រាអែល ក្នុងរយៈពេលតិចជាង ២៤ម៉ោង។
