អូទ្រីស៖ ប្រទេសអូទ្រីសបានបញ្ចប់វិធានការរឹតត្បិតការបិទខ្ទប់ប្រទេស សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងបង្ការរួចនៅទូទាំងប្រទេសភាគច្រើន រយៈពេលបីសប្តាហ៍បន្ទាប់ពីបានដាក់វិធានការតឹងរ៉ឹងឡើងវិញ ដើម្បីប្រយុទ្ធប្រឆាំងការកើនឡើងរលកថ្មីករណីឆ្លងវីរុសកូវីដ-19។ វិធានការដែលប្រែប្រួលតាមតំបន់ក្នុងប្រទេសភាគច្រើនអនុញ្ញាតឱ្យបើករោងភាពយន្ត សារមន្ទីរ ទីតាំងវប្បធម៌ និងទីតាំងកម្សាន្តផ្សេងទៀតឡើងវិញ។

តំបន់មួយចំនួនកំពុងបើកភោជនីយដ្ឋាន និងសណ្ឋាគារឡើងវិញ ខណៈតំបន់ខ្លះទៀតនឹងរង់ចាំរហូតដល់ខែក្រោយ។ គ្រប់ការបើកទីតាំងនឹងមានបម្រាមគោចរនៅត្រឹមម៉ោង ១១យប់សម្រាប់ភោជនីយដ្ឋាន ហើយការពាក់ម៉ាស់នឹងនៅតែត្រូវបានទាមទារសម្រាប់ការដឹកជញ្ជូនសាធារណៈ និងនៅខាងក្នុងហាង និងនៅទីតាំងសាធារណៈ។ អធិការបតីលោក Karl Nehammer កាលពីសប្តាហ៍មុនបានចាត់ទុកវិធានការនេះថា ជាការបើកចំហដោយមានខ្សែក្រវាត់សុវត្ថិភាព ដែលផ្តល់ឱ្យតំបន់នីមួយៗនៃតំបន់ទាំង ៩ របស់ប្រទេសអូទ្រីសនូវសមត្ថភាពក្នុងការបន្ធូរបន្ថយ ឬរឹតត្បិតដោយផ្អែកលើស្ថានភាពក្នុងតំបន់។
អ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការនឹងនៅតែស្ថិតក្រោមវិធានការរឹតត្បិតនៃការបិទខ្ទប់ ហើយស្នាក់នៅតែក្នុងលំនៅឋាន លុះត្រាតែមានហេតុផលជាក់លាក់មួយចំនួនដូចជាការទិញរបស់របរចាំបាច់ ឬការទៅជួបគ្រូពេទ្យ។ ចាប់តាំងពីការចាប់ផ្តើមវិធានការបិទខ្ទប់ចំនួនករណីឆ្លងថ្មីបានថយចុះនៅក្នុងប្រទេសនេះ។ ប្រទេសអូទ្រីសមានករណីឆ្លងវីរុស COVID-19 សរុប ១,២៣២,២០៤ករណី និងមានអ្នកស្លាប់ ១៣,២១៨នាក់៕
អត្ថបទ៖ ប៊ុនថន