ស៊ីរ៉ែនបានបន្លឺឡើងនៅទូទាំងទីក្រុងហ្សេរុយសាឡឹមនាថ្ងៃពុធនេះ ពេលដែលយោធាអ៊ីស្រាអែល រាយការណ៍ថា ពួកគេបានបាញ់ស្កាត់មីស៊ីលបាញ់ចេញពីយេម៉ែន ឆ្ពោះមកកាន់ទឹកដីរបស់ពួកគេ ។
នៅថ្ងៃពុធនេះដែរ កងទ័ពអ៊ីស្រាអែល បានជំរុញឲ្យប្រជាជនយេម៉ែននៅឲ្យឆ្ងាយពីកំពង់ផែដែលកាន់កាប់ដោយក្រុមហ៊ូធី ក្នុងការព្រមានដែលទំនងជាការសងសឹក បន្ទាប់ពីខ្លួនបានស្ទាក់ចាប់មីស៊ីលដែលបាញ់ដោយក្រុមឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់ ។

ក្រុមហ៊ូធី និយាយថា ពួកគេបានកំណត់គោលដៅម្តងហើយម្តងទៀតលើអ៊ីស្រាអែល និងការដឹកជញ្ជូននៅក្នុងសមុទ្រក្រហម ចាប់តាំងពីកើតមានសង្រ្គាមកាលពីខែតុលា ឆ្នាំ ២០២៣ រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប ជាការបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីន ។
ការបាញ់មីស៊ីលនេះដែរ គាប់ជួននឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ទៅកាន់តំបន់ឈូងសមុទ្រ ។ លោក Trumpបានប្រកាសថា លោកបានឈានដល់បទឈប់បាញ់ជាមួយក្រុមហ៊ូធី ដែលនឹងបញ្ឈប់ការវាយប្រហារលើនាវាចម្បាំងសហរដ្ឋអាមេរិក ។
លោកបានប្រកាសកាលពីដើមខែឧសភាថា សហរដ្ឋអាមេរិកនឹងឈប់ទម្លាក់គ្រាប់បែកលើក្រុមហ៊ូធីនៅយេម៉ែន ពេលដែលក្រុមមួយនេះ យល់ព្រមបញ្ឈប់វាយប្រហារលើនាវាសហរដ្ឋអាមេរិក ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ូធីនិយាយថា ពួកគេនឹងបន្តវាយប្រហារមីស៊ីល និងយានដ្រូនលើអ៊ីស្រាអែល ៕
