ប្រក្រតីភាពមួយចំនួនបានវិលត្រឡប់មកវិញហើយនៅទីក្រុងតាមព្រំដែនស្ថិតក្នុងតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា ស្របពេលបទឈប់បាញ់រវាងឥណ្ឌា និងប៉ាគីស្ថាន នៅតែបន្ត ។
ពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Samba និយាយនៅថ្ងៃពុធនេះថា វាមានសភាពស្ងប់ស្ងាត់ក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ ហើយលោកសង្ឃឹមថា ស្ថានភាពបែបនេះ នឹងបន្តកើតមានទៀត ។
គួរឲ្យដឹងថា ឥណ្ឌា និងប៉ាគីស្ថាន បានយល់ព្រមនឹងបទឈប់បាញ់កាលពីសប្តាហ៍មុន ក្រោយការប្រយុទ្ធគ្នាដ៏តានតឹងរយៈពេល ៤ថ្ងៃ ។

ប្រទេសជិតខាងទាំង ២នេះ បានបាញ់មីស៊ីល និងយានដ្រូនលើគោលដៅយោធាគ្នាទៅវិញទៅមុខ ក្រោយពេលឥណ្ឌានិយាយថា ពួកគេបានវាយប្រហារអ្វីដែលពួកគេចាត់ទុកថាជាហេដ្ឋារចនាសម្ព័ន្ធភេរវករនៅប៉ាគីស្ថាន និងតំបន់កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថាន កាលពីថ្ងៃពុធ ទី ៧ ខែឧសភា ជាការសងសឹកនឹងការវាយប្រហារសម្លាប់មនុស្ស ២៦នាក់នៅតំបន់កាស្មៀរ គ្រប់គ្រងដោយឥណ្ឌា ។
ដោយឡែក កាលពីថ្ងៃអង្គារម្សិលមិញ កងទ័ពប៉ាគីស្ថាន និយាយនៅ ជនស៊ីវិល ៤០នាក់ និងទាហាន ១១នាក់របស់ពួកគេ ត្រូវបានសម្លាប់ នៅក្នុងការប្រឈមដាក់គ្នាដ៏អាក្រក់បំផុតជាមួយឥណ្ឌា នារយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ៕
