នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បាននិយាយថា ការការពារដែនអាកាសរបស់ប្រទេសឥណ្ឌា ដែលរួមមានប្រព័ន្ធ S-400 Triumph ដែលផលិតដោយរុស្ស៊ី បានដើរតួយ៉ាងសំខាន់ នៅក្នុងប្រតិបត្តិការ Sindoor របស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលឥណ្ឌា លោកនាយករដ្ឋមន្ត្រី ក៏បានសរសើរប្រព័ន្ធមីស៊ីល Akash ដែលផលិតក្នុងស្រុកផងដែរ។
នាពេលមុននេះ សារព័ត៌មាន The Times of India បានរាយការណ៍ថា លោកនាយករដ្ឋមន្ត្រី បានទៅទស្សនកិច្ចមូលដ្ឋានទ័ពអាកាស Adampur នៅរដ្ឋ Punjab ភាគពាយ័ព្យ ជាកន្លែងដែលលោកឈរនៅមុខប្រព័ន្ធ S-400 ដែលទិញពីប្រទេសរុស្ស៊ី។
ទំនាក់ទំនងឥណ្ឌា-ប៉ាគីស្ថាន បានផ្ទុះឡើង បន្ទាប់ពីការវាយប្រហារភេរវកម្មកាលពីថ្ងៃទី ២២ ខែមេសា លើទឹកដីទីក្រុង Jammu និងតំបន់កាស្មៀរ( Kashmir) ដែលបានសម្លាប់ពលរដ្ឋឥណ្ឌា ២៥ នាក់ និងជនជាតិនេប៉ាល់ម្នាក់។
