សម្តេច ប៉ាប លេអូ ទី១៤ (Pope Leo XIV) នៅថ្ងៃពុធ (ទី១៤ ខែឧសភា) បានបង្ហាញពីព្រះហទ័យចង់ផ្តល់ការសម្រុះសម្រួល រវាងបណ្ដាមេដឹកនាំរបស់ប្រទេសដែលមានសង្រ្គាមជាមួយគ្នា ដោយមានព្រះបន្ទូលថា ខ្លួនព្រះអង្គផ្ទាល់ នឹង «ប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យសន្តិភាពលេចរូបរាងឡើង»។
ជាមួយគ្នានេះ សម្ដេចសង្ឃថ្មីដែលយាងទៅពីសហរដ្ឋអាមេរិក និងដែលបានក្លាយជាប្រមុខនៃអ្នកកាន់សាសនាកាតូលិក ១,៤ពាន់លាននាក់របស់ពិភពលោក កាលពីសប្តាហ៍មុន ក៏បានអំពាវនាវដល់គ្រិស្តបរិស័ទដែលរស់នៅក្នុងតំបន់មជ្ឈិមបូព៌ាកុំឲ្យបោះបង់ចោលផ្ទះសម្បែងរបស់ពួកគេ អំឡុងផ្ដល់សុន្ទរកថាទៅកាន់សមាជិកនៃវិហារកាតូលិកភាគខាងកើត។

ព្រះអង្គបាននមានបន្ទូលប្រាប់សាលប្រជុំ Paul VI នៅឯបុរីវ៉ាទីកង់ថា «តើអ្នកណាសំណាងល្អជាងអ្នកទាំងអស់គ្នាទៀតនោះ ដែលអាចច្រៀងចម្រៀងក្តីសង្ឃឹមបាន សូម្បីតែនៅក្នុងពេលមានអំពើហិង្សាយ៉ាងខ្លាំងក្លា?» ដោយព្រះអង្គបានកត់សម្គាល់ថា «ពីដែនដីដ៏ពិសិដ្ឋទៅអ៊ុយក្រែន ពីលីបង់ទៅស៊ីរី ពីតំបន់មជ្ឈិមបូព៌ាទៅតំបន់ Tigray និង Caucasus តើយើងឃើញទេថា តើអំពើហិង្សាធ្ងន់ធ្ងរកម្រិតណា!»។
លោកបានជំរុញឲ្យអ្នកទាំងនោះអធិដ្ឋានសុំសន្តិភាព ដោយបានមានបន្ទូលថា៖ «សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យសន្តិភាពលេចរូបរាងឡើង»។ ព្រះអង្គបានមានព្រះបន្ទូលបន្ថែមថា៖ «ប្រជាជននៃពិភពលោករបស់យើងចង់បានសន្តិភាព ហើយខ្ញុំសូមអំពាវនាវអស់ពីដួងចិត្តរបស់ខ្ញុំ ចំពោះថ្នាក់ដឹកនាំនៃប្រទេសទាំងនោះ សូមអនុញ្ញាតឲ្យយើងបានជួបគ្នា បានពិភាក្សាគ្នា និងបានចរចាគ្នា!»។
គួរបញ្ជាក់ថា សម្តេចប៉ាប លេអូ ទី១៤ បានចូលកាន់តំណែងជាសម្តេចសង្ឈកាតូលិក ពីសម្តេច ប៉ាប ហ្វ្រង់ស៊ីស ដែលបានសោយទិវង្គតនៅថ្ងៃទី២១ ខែមេសា ក្នុងព្រះជន្ម ៨៨ព្រះស្សា។ ព្រះអង្គកំពុងមានបន្ទូលនៅក្នុងព្រឹត្តិការណ៍ដែលបានរៀបចំទុកជាមុន សម្រាប់ឆ្នាំដ៏ពិសិដ្ឋឆ្នាំ២០២៥ ដែលបានឧទ្ទិសដល់វិហារកាតូលិកភាគខាងកើតចំនួន ២៣ ដែលមានទីតាំងនៅទូទាំងអឺរ៉ុបខាងកើត មជ្ឈិមបូព៌ា ឥណ្ឌា និងផ្នែកខ្លះនៃទ្វីបអាហ្រ្វិក៕
