កងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានធ្វើការវាយប្រហារលើសមាជិកនៃចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាស នៅក្នុងទីស្នាក់ការកណ្តាលក្រោមដីមួយនៅក្រោមមន្ទីរពេទ្យ ក្នុងទីក្រុង Khan Yunis ភាគខាងត្បូងហ្កាហ្សា។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា មុននេះបន្តិត កងកម្លាំងការពារអ៊ីស្រាអែល (IDF) និងទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល (ISA) បានធ្វើការវាយប្រហារយ៉ាងជាក់លាក់មួយលើក្រុមភេរវករហាម៉ាស នៅក្នុងមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រង ដែលមានទីតាំង នៅក្នុងហេដ្ឋារចនាសម្ព័ន្ធភេរវករក្រោមដីមួយ នៅក្រោមមន្ទីរពេទ្យអ៊ឺរ៉ុប នៅទីក្រុង Khan Yunis នៅភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប»។
យោធាអ៊ីស្រាអែល បានចង្អុលបង្ហាញថា៖«មុនពេល និងអំឡុងពេលវាយប្រហារ ចំណាត់ការជាច្រើនត្រូវបានធ្វើឡើង ដើម្បីកាត់បន្ថយហានិភ័យនៃការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងការប្រើប្រាស់គ្រាប់បែកច្បាស់លាស់ ការឃ្លាំមើលពីលើអាកាស និងការស៊ើបការណ៍បន្ថែម»។
នៅព្រឹកថ្ងៃអង្គារ កងទ័ពអ៊ីស្រាអែល បានរាយការណ៍ពីការវាយប្រហារយ៉ាងជាក់លាក់មួយ ទៅលើ «ក្រុមភេរវករហាម៉ាស ដែលកំពុងប្រតិបត្តិការពីក្នុងមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រង ដែលមានទីតាំងក្នុងមន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Yunis»។
យោងតាមសេចក្តីថ្លែងការណ៍ «កងកម្លាំងការពារអ៊ីស្រាអែល (IDF) និង ទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល(ISA) នឹងបន្តប្រតិបត្តិការ ដើម្បីបញ្ឈប់ការគំរាមកំហែងណាមួយចំពោះពលរដ្ឋនៃរដ្ឋអ៊ីស្រាអែល»។
